រថយន្តដឹកកម្មកររោងចក្រ បែកកង់ក្រឡាប់របួស ៩៧ នាក់
សារព័ត៌មាន Cambodia News /
ស្វាយរៀង(៤ កុម្ភៈ ២០១៤) ៖ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ កម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ៩៧ នាក់ បានរងបួស ក្នុង នោះ ៨ នាក់ រងរបួសធ្ងន់ និងបាក់ដៃ ៣ នាក់ ដោយសារបែកកង់ រថយន្តដឹកកម្មករ បណ្តាលឲ្យក្រឡាប់ ចាក់កម្មករ ពេញផ្លូវជាតិលេខ១ នៅចំណុចភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុង-ខេត្តស្វាយរៀង។
រថយន្ត ដឹកកម្មកររោងចក្រ ចំណុះប្រហែល ៥ តោន ពាក់ស្លាកលេខ ព្រៃវែង 3A 0416 ដឹកកម្មករចេញ ពីឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ យកទៅធ្វើការនៅរោងចក្រស៊ីកូ នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ក្រុងបាវិត ដែលមានកម្មករ ជិះនៅក្នុងនោះ ប្រមាណជិត ១០០ នាក់។
រថយន្តបានមកដល់កន្លែងកើតហេតុ ក៏បានបែកកង់ខាង មុខ ខាងស្តាំ ផ្ទៀងក្រឡាប់ ចាក់កម្មករទៅចិញ្ចើមថ្នល់ បណ្តាលឲ្យរងរបួស ចំនួន៩៧នាក់ ក្នុងនោះ៨នាក់របួសធ្ងន់ និងបាក់ដៃ៣នាក់។ ចំណែកអ្នកបើករថយន្តឈ្មោះ នាង ស្រួន ភេទប្រុស ស្នាក់នៅភូមិចុងព្រែក សង្កាត់-ក្រុង-ខេត្តស្វាយរៀង ក្រោយបង្កហេតុ បានរត់បាត់។ កម្មករដែលមានរបួស ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕