បាតុករប្រមាណ ៧នាក់ រងបួសក្នុងពេលប៉ះទង្គិចជាមួយអាជ្ញាធរនៅមុខក្រសួងព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៧ មករា ២០១៤)៖ ទីបំផុតទៅ ក្រុមបាតុកម្មរបស់លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ត្រូវបានសមត្ថកិច្ចប្រមាណ ១០០០នាក់ ធ្វើការបង្ក្រាប ដោយប្រើខែល ដំបង និងបាញ់គ្រាប់បែកផ្សែងទៅលើហ្វូងបាតុករ ដើម្បីបំបែកការតវ៉ារបស់ពួកគេនៅមុខក្រសួងព័ត៌មាន ក្នុងខណ្ឌដូនពេញ បណ្តាលឲ្យបាតុករខ្លះ ពុលគ្រាប់បែកផ្សែង។
នៅ ក្នុងការបង្ក្រាបនោះ ក៏មានក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ដែលពាក់មួកការពារពណ៌ខ្មៅ បានចូលរួមបង្ក្រាប បណ្តាលឲ្យបាតុករប្រមាណ ៧នាក់ រងរបួស។ ក្នុងចំណោមអ្នករងរបួសទាំងនោះភាគច្រើនត្រូវរបួសក្បាលនឹងដង ខ្លួន ដោយកងសន្តិសុខវាយក្នុងនោះមានទាំងព្រះសង្ឃផង។ ចំណែកលោក ម៉ម សូណងដូ អ្នកដឹកនាំបាតុកម្មបានគេចខ្លួនដោយសុវត្ថិភាព។
កង កម្លាំងសន្តិសុខបានបំបែកក្រុមបាតុករ ដោយប្រើដំបងឆក់និងបាញ់ក្រាប់បែកឧស្ម័នដាក់ក្រុម បាតុករតវ៉ាបិទផ្លូវព្រះមុនីវង្ស អស់រយៈប្រហែលមួយម៉ោង នៅមុខក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ មករានេះ។
ការបង្ក្រាប នេះ ធ្វើឡើងនៅពេលដែលក្រុមបាតុករប្រមាណ ៣០០០នាក់ ដែលដឹកនាំដោយលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ នៅម៉ោង៩:២០នាទីនេះ បានហែក្បួនពីស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ទៅកាន់ក្រសួងព័ត៌មាន ទាមទារបង្កើតហ្វ្រេកង់ ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្ត៕