កិច្ចប្រជុំនៃប្រទេសមិត្តស៊ីរីក្នុងក្រុងប៉ារីស គឺដើម្បីបញ្ចុះបញ្ជូលក្រុមប្រឆំាងស៊ីរីឲ្យទៅហ្សឺណែវ
នៅរសៀលថ្ងៃអាទិត្យ ទី១២ មករាម្សិលមិញ កិច្ចប្រជុំនៃប្រទេសមិត្តរបស់ប្រទេសស៊ីរីបានរៀបចំកិច្ចប្រជុំ ក្នុងទីក្រុងប៉ារីស ប្រទេសបារំាង។ កិច្ចប្រជុំដែលចូលរួមដោយអ្នកតំណាងទំាង ១១ប្រទេសមិត្តស៊ីរី បូកនឹងក្រុមអ្នកប្រឆំាងស៊ីរី។ គោលដៅនៃកិច្ចប្រជុំ គឺបញ្ចុះបញ្ចូលក្រុមអ្នកប្រឆំាងស៊ីឲ្យទៅចូលរួមក្នុងសន្និសីទ សន្តិភាពនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី២២ មករាខាងមុខ។
ប្រទេស ទំាង ១១ ដែលជាមិត្តរបស់ស៊ីរីមានអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារំាង អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា អេហ្ស៊ីប ហ្សកដានី អាមេរិក និងប្រទេសតួកគី។ រដ្ឋមន្រ្តីការបរទេសទំាង ១១ប្រទេសព្យាយាមនិយាយបញ្ចុះបញ្ចូលក្រុមប្រឆំាងស៊ីរីឲ្យចូលអង្គុយ តុចរចាជាមួយក្រុមអ្នកតំណាងរដ្ឋាភិបាលស៊ីរីសព្វថ្ងៃនៅក្នុងសន្និសីទ សន្តិភាពដែលគ្រោងរៀបចំជាលើកទី២ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនាថ្ងៃទី២២ មករាខាងមុខ។ សន្និសីទសន្តិភាពដែលភាគីជម្លោះស៊ីរីត្រូវលើកយកទៅជជែកអំពីការ បង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅស៊ីរី មុននឹងរៀបចំការបោះឆ្នោត។
កាលពីខែវិច្ឆិកា ឆ្នំា ២០១៣ ក្រុមអ្នកតំណាងក្រុមប្រឆំាងបានយល់ព្រមជាគោលការណ៍ តែបានដាក់ចេញនូវលក្ខខណ្ឌមួយចំនួន រួមមាន ការបើកផ្លូវឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅឲ្យប្រជាជនស៊ីរី និងការបញ្ឈប់ការទម្លាក់គ្រាប់បែកលើក្រុមប្រឆំាងពីសំណាក់ទាហាន រដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរីអាសាដ។ តែជិត ២ខែក្រោយមក គ្មានលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌទំាងពីរត្រូវបានបំពេញទេ។ ម្យ៉ាងទៀត ក្រុមប្រឆំាងក៏ហាក់ដូចជាគ្មានឆន្ទៈចង់ចូលទៅអង្គុយចរចាជាមួយ តំណាងរដ្ឋាភិបាលសព្វថ្ងៃដែលនៅតែប្រកាន់ជំហរធម៌ក្តៅនោះទេ។
តែយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនាទីក្រុងប៉ារីសពេលនេះ បណ្តាប្រមុខការទូតទំាង ១១ប្រទេសជាមិត្តស៊ីរីសុទ្ធតែបាននិយាយសំឡេងតែមួយដូចគ្នា នោះគឺ វិបត្តិស៊ីរី គឺជាវិបត្តិនយោបាយដែលត្រូវស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយ។ ដូច្នេះ សន្និសីទសន្តិភាពជាលើកទី២នៅក្នុងទីក្រុងហ្សឺណែវត្រូវតែរៀបចំធ្វើ ដោយខានមិនបាន។
អ្វីជាការកត់សម្គាល់នោះគឺថា ចំពេលដែលប្រទេសមិត្តរបស់ស៊ីរីបាននិយាយសំឡេងតែមួយនោះ ក្រុមប្រឆំាងស៊ីរីឯណោះបែរជាកំពុងបែបបាក់គ្នាទៅវិញ។ បច្ចុប្បន្ននេះ គេសង្កេតឃើញមានការប្រេះឆាយ៉ាងខ្លំាងនៅក្នុងចំណោម ក្រុមប្រឆំាងស៊ីរីដូចគ្នា៕ដោយ គួច គន្ធារ៉ា (RFI)