តើមេទ័ពខុសច្បាប់ មានមូលដ្ឋាននៅអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលពិតជាចូលមកដល់កម្ពុជា?
សារព័ត៌មាន Cambodia News /
ភ្នំពេញ( ១០ មករា ២០១៤ )៖ យោងតាមកាសែតរស្មីកម្ពុជា ដែលចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា លោក Sokha Tee ដែលជាមេបញ្ជាការកងទ័ពខុសច្បាប់ បង្កើតនៅសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណង ជួបជាមួយកំលាំងរបស់គេ ដែលស្ថិតនៅតាមព្រំដែន ស្ថិតនៅក្នុងទឹកថៃ និងជាពិសេសជួបជាមួយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិ បានធ្វើការបដិសេធថា មិនមានការជាប់ពាក់ព័ន្ធជាមួយឈ្មោះ Sokha Tee នេះទេ។
កាសែតរស្មីកម្ពុជា បានរាយការណ៍ថា ការធ្វើដំណើររបស់លោក Sokha Tee ដែលជាមេបញ្ជាការកងទ័ពខុសច្បាប់ចូលមកកម្ពុជា គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបោសសំអាតក្រុមអ្នកតវ៉ាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅលើទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ និងបានបោសសំអាតក្រុមកុបករដែលជាក្រុមអនាធិបតេយ្យ ដែលបានវាយប្រហារទៅលើកំលាំងអាជា្ញធរមានសមត្ថកិច្ច នៅចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការបង្ហោះរូបលោក Sokha Tee ដែលជាមេបញ្ជាការកងទ័ពខុសច្បាប់នៅក្រៅប្រទេស ចូលមកកម្ពុជា។ នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលគេដឹងថា ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ បានសរសេរថា “ប្រភពព័ត៌មានពីរដ្ឋកាលីហ្វ័រនីញ៉ា បានអោយដឹងដឹងថា លោក Sokha Tee ដែលជាមេបញ្ជាការកងទ័ពខុសច្បាប់ បង្កើតនៅអាមេរិក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរមកប្រទេសកម្ពុជាហើយថ្ងៃនេះ៕