អាមេរិកនឹងបង្កើនកម្លាំងទ័ពបន្ថែមនៅកូរ៉េខាងត្បូង

នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​មន្ទីរប៉ង់តាហ្កូន​បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បង្កើន​កងទ័ព​របស់​ខ្លួន​ប្រមាណ​៨០០នាក់​​បន្ថែមទៀត នៅ​កូរ៉េ​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​​៦០ឆ្នាំ​មកនេះ។ អាមេរិក​ក៏​នឹង​បញ្ជូន​សម្ភារៈ​យោធា​​បន្ថែម ទៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​​ផងដែរ។ ការ​ប្រកាស​នេះ ជា​សញ្ញាព្រមាន​​​​កូរ៉េខាងជើង​​អោយ​ចៀសវាង​រាល់​​សកម្មភាព​​ផ្គើន​ដល់​ អាមេរិក​ និង​កូរ៉េខាងត្បូង​។

ការដែល ​មន្ទីរប៉ង់តាហ្កូន​​ប្រកាស​ដាក់កម្លាំង​ទ័ព​​ និង​សម្ភារៈ​យោធា​​ ​បន្ថែម​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ធ្វើឡើង​​ក្នុង​ឳកាសដំណើរ​​ទស្សនកិច្ច​របស់​ប្រមុខការទូត​កូរ៉េខាងត្បូង គឺ​លោក​ យុន បីយុងសេ នៅ​ទីក្រុង​វ៉ាស៊ីនតោន។ នៅ​សហរដ្ឋ​អាមេរិក រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចន ឃែររី និង​ប្រមុខការពារជាតិ​​អាមេរិក ឆាក់ ហាហ្កែល។

រថក្រោះ​​​ប្រមាណ​ ៨០គ្រឿង ប្រហែល​ជា​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ទឹកដី​កូរ៉េខាងត្បូង នៅ​ថ្ងៃ​១កុម្ភៈ​ខាងមុខ​នេះហើយ។ កងទ័ព​អាមេរិក​៨០០នាក់​ដាក់បន្ថែម​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​​នេះ​ នឹង​​ស្ថិត​នៅ​​ក្នុង​បន្ទាយ​ ឈ្មោះថា​ ហូវេ Hoevey និង​ស្តេនឡី Stanley នៅ​ភាគខាងជើង​ក្រុង​សេអ៊ូល ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង។ ពួកគេ​ត្រូវ​​​​​នៅ​កូរ៉េខាងត្បូង​៩ខែ។ ប៉ុន្តែ អាមេរិក​នឹង​ទុក​រថក្រោះ​និង​សម្ភារៈ​យោធា​ខ្លួន នៅ​ទីនោះ​រហូត។ កងទ័ព​ដែល​អាមេរិ​កដាក់បន្ថែម​នេះ ជាកងទ័ព​ដែលហ្វឹកហាត់​រួច​ហើយ ចាំ​តែ​ត្រៀម​​ចូល​សមរភូមិប្រយុទ្ធ​ប៉ុណ្ណោះ ករណី​ចាំបាច់។

ក្រុងវ៉ាស៊ីនតោន​ប្រកាស​ដាក់ទ័ព​បន្ថែម​ក្នុង​ទឹកដី​សម្ព័ន្ធ​មិត្ត​របស់​ ខ្លួន ដើម្បី​ព្រមាន​ដល់​កូរ៉េខាងជើង​​ អោយចៀសវាង​រាល់ការផ្គើន និង​ការ​គំរាម​​មកលើ​ខ្លួន និង​លើ​រដ្ឋាភិបាល​ក្រុងសេអ៊ូល ព្រោះថា ករណី​ចាំបាច់ អាមេរិក​និង​កូរ៉េខាងត្បូង​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​​យោធា​ខ្លាំងក្លា បក​តបត​ទៅ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាងវិញ។ ម្សិលមិញ​នេះ លោក​ចន ឃែររី អះអាង​ដល់​កូរ៉េខាងត្បូង​ថា អាមេរិក​មិនទទួល​យកឡើយ ការដែល​កូរ៉េខាងជើង​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​នោះ។ លោក​ឃែររី​ថែមទាំង​ បាន​សន្យា​ទៀតថា នឹង​ធ្វើអោយ​សមត្ថភាព​​ផ្នែកយោធា​អាមេរិក​ កាន់តែ​ទំនើប​ ថែមទៀត។

នៅ​កូរ៉េខាងត្បូង​ អាមេរិក​​មានទ័ព​ប្រមាណ​២ម៉ឺន៨ពាន់៥រយ​នាក់។ ក្នុង​ករណី​មាន​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង អាមេរិក​គឺ​ជា​អ្នក​បញ្ជាការ​លើ​កងទ័ព​​​កូរ៉េខាងត្បូង​​៦សែន៤ម៉ឺននាក់។
តាមធម្មតា អាមេរិក​ត្រូវ​ប្រគល់​កិច្ចការ​បញ្ជាការ​ទ័ព​កូរ៉េ​នេះ អោយ​ទៅកូរ៉េខាងត្បូង​វិញ នៅ​ឆ្នាំ២០១៥។ ប៉ុន្តែ ដោយសារ​តែមាន​​​វិបត្តិ​ជាមួយ​ក្រុងព្យុងយ៉ាង កាលពី​កំឡុង​ដើមឆ្នាំ២០១៣ កូរ៉េខាងត្បូង​បាន​សុំអោយ​អាមេរិក​លើក​ពេល​ទៅវិញ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close