កម្ពុជាត្រូវការថវិកាជាង ២លានដុល្លារសម្រាប់ វ៉ាក់សាំងកុមារ
នៅថ្ងៃទី០៤ កក្កដា ២០១២ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា សម្រាប់ឆ្នាំ ២០១៣កម្ពុជាត្រូវចំណាយថវិកាជាង២លាន២សែនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីទិញថ្នាំវ៉ាក់សំាង ប្រយោជន៍គាំពារសុខុមាលភាពមាតា និងទារក ដែលរងការគំរាមកំហែងដល់អាយុជីវិត ដែលការចំណាយសម្រាប់ទិញថ្នាំបង្ការ មានការកើនឡើង បើប្រៀបធៀបឆ្នាំ២០១០ ដែលមានត្រឹមតែ១ សែន៣ម៉ឺនដុល្លារអាម៉េរិកប៉ុណ្ណោះ។
លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីជំរុញការអនុវត្តសេចក្តីប្រកាសទីក្រុងភ្នំពេញគឺផ្តោតទៅលើការផ្តល់ហិរញ្ញប្បទាន សម្រាប់ផ្តល់ថ្នាំបង្ការប្រកបដោយចីរភាព និងសេវាសុខភាពដល់មាតា និងទារក បានបញ្ជាក់ថា ឆ្នាំ២០១០ កន្លងទៅនេះ ក្រសួងបានបញ្ចូលវ៉ាក់សំាងថ្មីមួយទៀត គឺវ៉ាក់សំាង ហ៊ីប ការពារជំងឺរលាកសួត ដែលជាមូលហេតុធំមួយនៃការស្លាប់របស់កុមារនៅកម្ពុជា៕