អាហ្វ្រិក​ព្រំដែន​សេដ្ឋកិច្ច​ថ្មី​សម្រាប់​បារាំង

ប្រធាន​ក្រុមហ៊ុន​ បារាំង អាហ្វ្រិក ជាង​ ៥៦០​ ត្រូវ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​វេទិកា​​សេដ្ឋកិច្ច​បារាំង​-អាហ្វ្រិក​ រៀប​ចំ​ឡើង​ដោយ​ក្រសួង​ហិរញ្ញវត្ថុបារាំង​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ស្វាគមន៍​ជំនួប​កំពូល​អេលីហ្សេ ជំនួប​កំពូល​ស្តី​ពី​សន្តិភាព​និង​សុវត្ថិភាព​នៅអាហ្វ្រិក ថ្ងៃទី​៦-៧​ធ្នូ។ រដ្ឋមន្ត្រី​ជា​ង​២០​រូប​​ និង​ប្រមុខ​រដ្ឋ​បួន​ប្រទេស​នឹង​ធ្វើ​អធិបតី​ក្នុង​វេទិការ​សេដ្ឋកិច្ច​នេះ។

ប្រធានាធិបតី​តង់សានី កូតឌីវ័រ សេណេហ្កាល់ នឹង​អញ្ជើញ​មក​ធ្វើ​ជា​អធិបតី​ ក្បែរ​ប្រធានាធិបតី​​បារាំង ក្នុង​​វេទិកា​​សេដ្ឋកិច្ច ដែល​​រៀប​ចំ​ឡើង​ ក្នុង​កម្មវត្ថុ​ស្វែងរក​គំរូ​ដៃគូ​ពាណិជ្ជកម្ម​​បែប​ថ្មី ​រវាង​អាហ្វ្រិក​ និង​បារាំង។ វត្តមាន​របស់​ប្រមុខ​រដ្ឋ​ដ៏​ច្រើន​នៅ​ក្រសួង​ហិរញ្ញវត្ថុ​ គឺ​មិន​ធ្លាប់​មាន​ឡើយ ដូច្នេះ​នេះ​ស​ឱ្យ​ឃើញ​ពី​​​ការចង់​​ផ្តល់​សន្ទុះ​ថ្មី​ដល់​ទំនាក់ទំនង​ជួញ​ ដូរ​រវាង​បារាំង​និង​ទ្វីប​អាហ្វ្រិក។

ក្រុម​សមាគម​ថៅកែ​និង​ប្រមុខ​ក្រុមហ៊ុន ចង់​ប្រែក្លាយ​​ទិវា​នេះ ទៅ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គំនិត​​​ទុទិដ្ឋិនិយម នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ បណ្តាល​មកបារាំង​​​បាត់​បង់​​ទីផ្សារ​ពាណិជ្ជកម្ម​ នៅអាហ្វ្រិក​អស់​ ជិត​៥០%​។ សំណូម​ពរ​១៥​ចំណុច​ នឹង​ត្រូវ​យក​​មក​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​​នៃ​កិច្ច​សហប្រតិបត្តិការ​ បារាំង​-អាហ្វ្រិក ភាគ​ច្រើន​ផ្តោត​ទៅ​លើ​លំហូរ​ហិរញ្ញវត្ថុ ធនធាន​មនុស្ស​ វប្បធម៌ …​ ​​

ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ អាហ្វ្រិក​ មាន​កំណើន​សេដ្ឋកិច្ច​​ជា​​មធ្យម​ ៥%​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​បារាំង​ដែល​​ជា​អ្នក​វិនិយោគ​បរទេស​លេខ​មួយ​នៅអាហ្វ្រិក​ មានក្រុមហ៊ុន​តូច​ធំ​សរុប​ជាង​៦២០០០​ នៅ​ក្នុង​ទ្វីប​នេះ ឈរ​ជើង​​ផ្តុំ​គ្នា​នៅ​តែ​ក្នុង​បណ្តា​ប្រទេស​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម និង​គ្មាន​កំណើន​សេដ្ឋកិច្ច​ស្ទុះឡើង​ដូច​បណ្តា​ប្រទេស​អាហ្វ្រិក​និយាយ​ ភាសា​អង់គ្លេស​និង​អេស្ប៉ាញ៉ុលទេ។ ជាង​នេះ​ទៅទៀត ចិន​បាន​ផ្តើម​រុក​រាន​ទីផ្សារ​អាហ្វ្រិក ធ្វើ​ឱ្យ​បារាំង​​​បាត់​ចំណែក​អស់​ជា​ច្រើន។

ការ​កែប្រែ​គំរូ​ពាណិជ្ជកម្ម​ថ្មី​នេះ នឹង​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​តូច​ធំ​បារាំង អាច​ទាញ​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​អាហ្វ្រិក ដោយ​បាន​បង្កើត និង​រក្សា​​ការងារ​ក្នុង​ស្រុក​រាប់ពាន់​កន្លែង។ ប៉ុន្តែ​ក្នុង​បរិបទ​បច្ចុប្បន្ន បរិបទ​ពិភពលោក​ភាវូបនីយកម្ម ទោះ​មាន​​កំណែទម្រង់​ថ្មី​ក៏​ដោយ​ ក៏​ត្រូវ​ការ​ប្រើ​កម្លាំ​ង​ប្រឹង​​ប្រយុទ្ធ​ខ្លាំង​ ទើប​អាច​លេច​មុខ​បាន៕

ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close