គង់ សុជាតិ និងជា វិបុលគ្រោងទៅក្រេបច័ន្ទទឹកឃ្មុំនៅអឺរ៉ុប
ភ្នំពេញ ៖ ពិធីករកំលោះលោក ជា វិបុល និងពិធីការិនីមេម៉ាយកូនពីរអ្នកនាង គង់ សុជាតិ បានដឹកដៃគ្នាចូលរោងការយ៉ាងអធិកអធម៌កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដោយបានរៀបចំពិធីផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅគេហដ្ឋាន របស់អ្នកនាង គង់ សុជាតិ ស្ថិតនៅតាមមហាវិថីកម្ពុជាក្រោមខាងលិចផ្សារធំថ្មី និងរៀបចំពិធីទទួលភ្ញៀវពិសារភោជនាហារនៅសណ្ឋាគារលំដាប់ផ្កាយ៥អ៊ីន ធឺខនធីណនថលក្នុងរាជធានីភ្នំពេញ។
ជាមួយនឹង ការបង្ហាញឲ្យឃើញនូវទឹកមុខស្រស់ស្រាយរបស់គូស្វាមីភរិយាថ្មីក្នុង ថ្ងៃដ៏មង្គលនេះ ពិធីផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីខ្មែរត្រូវបានប្រារព្ធឡើងប្រកប ដោយភាពរលូន ក្រោមការចូលរួមអបអរសាទរពីឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិនៃ សាមីខ្លួនទាំងសងខាងពិសេសក៏មានការចូលរួមអបអរសាទរពីកូនប្រុសស្រី ទាំងពីររបស់អ្នកនាង គង់ សុជាតិផងដែរ។
ក្រោយ ការរៀបចំពិធីតាមគន្លងប្រពៃណីត្រូវបានបញ្ចប់នោះនៅល្ងាចថ្ងៃដដែល នេះដែរពិធីទទួលភ្ញៀវកិត្តិយសពិសារភោជនាហារនៃមង្គលការរបស់លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ក៏ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារអ៊ីនធឺខនធីណនថលដោយមាន អ្នកចូលរួមចំនួនប្រមាណ៥០០នាក់ក្នុងនេះមានទាំងអ្នកសិល្បៈ មន្ត្រីរាជការមកពីក្រសួងស្ថាប័ននានា មន្ត្រីបម្រើការងារនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអ្នកសារព័ត៌មានមួយចំនួន។
បើ តាមគម្រោងនោះនៅក្រោយពេលរៀបការរួច គូស្វាមីភរិយាថ្មីនេះបានឲ្យដឹងថា ពួកគេនឹងមានគម្រោងចេញទៅធ្វើដំណើរកម្សាន្ត និងក្រេបច័ន្ទទឹកឃ្មុំនៅឯប្រទេសក្នុងតំបន់អឺរ៉ុបមានដូចជា នៅក្នុងប្រទេសបារាំង និងអង់គ្លេស។ អ្នកនាង គង់ សុជាតិ ក៏បានបង្ហាញឲ្យដឹងដែរថា គម្រោងទៅកម្សាន្ត និងក្រេបច័ន្ទទឹកឃ្មុំនៅឯបរទេសនេះអ្នកនាង និងស្វាមី(លោក ជា វិបុល)បាន ធ្វើឡើងដោយសារត្រូវទៅលេងសាច់ញាតិនៅក្នុងប្រទេសទាំងពីរ។
ប៉ុន្តែចំពោះពេលវេលាពិតប្រាកដនៃការធ្វើដំណើរក្នុងគម្រោងនេះវិញ នោះពិធីការិនីដែលសព្វថ្ងៃមានកូនពីរទៅហើយតែនៅមានសម្រស់ស្អាត ជាងស្រីក្រមុំរូបនេះបានប្រាប់ថា អ្នកនាងនិងស្វាមីនៅមិនទាន់បានកំណត់ឲ្យច្បាស់លាស់នៅឡើយទេ៕ ស.រ/Cambodia News