បងស្រី កញ្ញាឈិន ចាន់សុធារី ចង ក សម្លាប់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រមាណ ៧៖៣០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ស្រ្តីម្នាក់ ឈ្មោះឈិន ចាន់សុរ៉ាវី ភេទស្រី អាយុជាង៣០ឆ្នាំ ដែលត្រូវជាបងស្រី របស់កញ្ញា ឈិន ចាន់សុធារី បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែង លេខ២១៤ ផ្លូវដេ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ ដឹងមូលហេតុ ។
ក្រោយប្រទះឃើញ សពជនរងគ្រោះ ស្លាប់ដោយចងក យ៉ាងដូច្នេះ សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាល ជំនាញខាងផ្នែកព្រហ្មទណ្ឌ កោសល្យវិច័យរបស់ក្រុង ចុះទៅកន្លែងកើតហេតុ មើលករណី។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យជនរងគ្រោះ ចងកស្លាប់នោះទេ ខណៈសមត្ថកិច្ច នឹងបន្តសាកសួរសាច់ញាតិជនរងគ្រោះ បន្តទៀត។
ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះម្នាក់ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះមានទឹកមុខស្រងូតស្រង៉ាត់ ខុសប្លែកពីធម្មតា មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែជនរងគ្រោះដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។
ប្រភពព័ត៌មានពី មន្រ្តីនគរបាលបានឲ្យដឹងថា មុនពេលចងក សម្លាប់ខ្លួនជនរងគ្រោះ បានផឹកស្រាបៀរអស់ ប្រហែល៤កំប៉ុង រួចយកខ្សែចងក្រវ៉ាត់អាវ ចងកតែម្តង។ ជាមួយគ្នានេះ កាលពីព្រឹក ជនរងគ្រោះបើករថយន្ត បានបើកបុកបង្គោលភ្លើងទៀតផង ដោយសារតែ ពិបាកចិត្តខ្លាំង ពេកហើយមើលទៅ។
ក្រោយការស្លាប់ ជនរងគ្រោះបានបន្សល់ ទុកនូវលិខិតមួយច្បាប់ ដោយសរសេរ ពាក្យពេជន៍មួយចំនួនផងដែរ។ ក្រោយពិនិត្យ សពជនរងគ្រោះ សមត្ថកិច្ច មូលដ្ឋាន បានបញ្ជូនសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ Cambodia News