តុលាការអេហ្ស៊ីបលើកពេលសវនការកាត់ក្តីអតីតប្រធានាធិបតីមរស៊ីទៅថ្ងៃ៨មករា
នៅថ្ងៃចន្ទនេះ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប តុលាការបានលើកពេលសវនាការកាត់ក្តីអតីតប្រធានាធិបតីអេហ្ស៊ីប និងអ្នកទទួលខុសត្រូវ១៤រូបមកពីគណបក្សភាតរអ៊ីស្លាម ទៅធ្វើនៅថ្ងៃ៨មករា ឆ្នាំ២០១៤វិញ។ ការសំរេចលើកពេលនេះ ធ្វើឡើងមិនដល់មួយម៉ោងផង បន្ទាប់ពីការប្រកាសបើកសវនាការកាត់ក្តី នៅថ្ងៃចន្ទនេះ។ មូលហេតុគឺមកពីជនជាប់ចោទបង្កការរាំងស្ទះដល់ដំណើរការកាត់ក្តី។
នៅថ្ងៃ ចន្ទនេះ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប តុលាការត្រូវបើកសវនាការកាត់ក្តីអតីតប្រធានាធិបតី ម៉ូហាមេដ មរស៊ី ពី និងអ្នកទទួលខុសត្រូវគណបក្សភាតរអ៊ីស្លាម ចំនួន១៤រូប ពីបទញុះញង់អោយមានការសម្លាប់មនុស្ស។
ប៉ុន្តែ មិនដល់មួយម៉ោងផង បន្ទាប់ពីបានប្រកាសបើកសវនាការកាត់ក្តី ស្រាប់តែចៅក្រមអេហ្ស៊ីបបានប្រកាសលើកពេលសវនាការទៅថ្ងៃ៨មករា ឆ្នាំ ២០១៤វិញ។
ទូរទស្សន៍សាធារណៈ និងវិទ្យុមួយ បានប្រាប់ថា ការលើកពេលនេះ ក៏ដោយសារតែជនជាប់ចោទទាំងអស់នោះ បានបង្កសកម្មភាពរាំងស្ទះដំណើរការនៃសវនាការ។ អ្នកសារព័ត៌មានទីភ្នាក់ងារ Reuters មួយរូបដែលបានចូលទៅមើលសវនាការកាត់ក្តីនេះ បានប្រាប់ថា នៅក្នុងពេលបើកសវនាការនោះ លោកមរស៊ីបានបរិហាររដ្ឋាភិបាលស្តីទីអេហ្ស៊ីប ថែមទាំងលើកឡើងថា លោកជាប្រធានាធិបតីពេញសិទ្ធិតែមួយគត់។ ហេតុនេះ ចៅក្រមបានសំរេចលើកពេលសវនាការទៅថ្ងៃក្រោយទៀត។
គួររំលឹកថា អតីប្រធានាធិបតីអេហ្ស៊ីបដែលត្រូវកងទ័ពទំលាក់ចេញពីតំណែងកាលពី ខែកក្កដា និងបក្សពួក លោក១៤រូប ជាប់ចោទពីបទញុះញង់អោយមានអំពើឃាតកម្ម ទាក់ទងបាតុកម្ម ខែធ្នូឆ្នាំ២០១២ នៅមុខវិមានប្រធានាធិបតីអេហ្ស៊ីប។ កាលណោះ ការប៉ះទង្គិចគ្នារវាងសកម្មជនបក្សភាតរអ៊ីស្លាមរបស់លោកមរស៊ី និងបាតុករដែលទាមទារអោយលោកមរស៊ីចុះពីអំណាច បានធ្វើអោយស្លាប់មនុស្សជាង១០នាក់។ លោកមរស៊ីនិងអ្នកទទួលខុសត្រូវទាំង១៤រូបនៃបក្សភាតរអ៊ីស្លាមនេះ អាចទទួលទោសប្រហារជីវិត រឺក៏ជាប់ពន្ធនាគារមួយជីវិតពីបទឧក្រិដ្ឋ៕ដោយ ព្រំ សឿន សូលីណា (RFI)