មេដឹកនាំនយោបាយនៅអាម៉េរិកកំពុងបន្ដការចរចាដោះស្រាយវិបត្ដិថវិកាជាតិ
ការចរចាកំពុងបន្ដនៅពេលយប់ម៉ោងនៅ សហរដ្ឋអាម៉េរិកនៅឯសេតវិមាន ក្រោយការប្រជុំមួយរវាងលោកប្រធានាធិបតី Barack Obama និងតំណាងរាស្រ្ដពីគណបក្សសាធារណរដ្ឋ បានទទួលបរាជ័យក្នុងការរកដំណោះស្រាយលើការជាប់គាំងបញ្ហាថវិកា ជាតិ។
នៅមិនដល់១អាទិត្យផងការជំពាក់បំណុលរបស់អាម៉េរិកនឹងឡើង ដល់កម្រិតខ្ពស់បំផុតដែលច្បាប់បានអនុម័តសម្រេចឲ្យខ្ចីបុល ហើយអាម៉េរិកកំពុងប្រឈមមុខនឹងការអស់លទ្ធភាពសងបំណុលគេជាលើក ដំបូងផងដែរ។ គណបក្សសាធារណរដ្ឋបានយកផែនការថ្មីមួយទៅពិភាក្សាជាមួយ ប្រធានាធិបតី។
អស់ពេល៩០នាទីកន្លងផុតទៅ ពួកគេផ្ដល់ជាយោបល់សុំឲ្យមានការពន្យារពេលដំឡើងចំនួនប្រាក់ បំណុលដែលអាម៉េរិកអាចខ្ចីបានរយៈពេល៦អាទិត្យទៀត ដើម្បីឲ្យគេមានពេលគ្រប់គ្រាន់សម្រាប់ចរចាលើកិច្ចការថវិកាជាតិ។ ប៉ុន្ដែប្រធានាធិបតីមិនបាននិយាយយល់ព្រម ឬមិនយល់ព្រមនោះទេ។
ប៉ុន្ដែ សម្រាប់ពលរដ្ឋនៅតាមកោះក្នុងសមុទ្ទប៉ាស៊ីហ្វិកវិញ ពួកគេកំពុងមានអារម្មណ៍រងផលប៉ះពាល់ពីបញ្ហារដ្ឋបាលអាម៉េរិកបិទ ទ្វារមិនដំណើរការ។
មកទល់ថ្ងៃនេះ គឺមានរយៈពេល១១ថ្ងៃហើយ ដែលសភាអាម៉េរិកមិនបានអនុម័តច្បាប់ថវិកាជាតិ ដោយធ្វើឲ្យមន្រ្ដីរដ្ឋបាលរាប់សែននាក់អត់មានប្រាក់ខែ។ ដែនដីជាច្រើនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាម៉េរិកនៅតំបន់ ប៉ាស៊ីហ្វិកដូចជាកោះ Guam កំពុងតែអស់ថវិកាក្នុងការផ្ដល់សម្បទានហិរញ្ញវត្ថុដល់កិច្ចការ លំនៅដ្ឋាន និងកម្មវិធីសុខុមាលភាពរបស់ពលរដ្ឋ។
លោកបណ្ឌិត Tarcisius Tara ពីសកលវិទ្យាល័យហាវ៉ៃនៅអាម៉េរិកមានប្រសាសន៍ថា បណ្ដាជនទាំងនៅក្នុង និងក្រៅសហរដ្ឋអាម៉េរិកមានកង្វល់ចំពោះការជាប់គាំងនយោបាយនៅក្រុង វ៉ាស្ហ៊ីងតោន។ លោកថា ក្នុងន័យមួយ គឺស្ថានភាពនេះឆ្លុះបញ្ចាំងឲ្យឃើញនូវអ្វីដែលគេហៅថា រដ្ឋដែលបរាជ័យ គឺថា រដ្ឋាភិបាលបានបរាជ័យនៅក្នុងការសម្រេចចិត្ដផ្សេងៗអំពីសេដ្ឋកិច្ច នៃប្រទេសរបស់ខ្លួន។ ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់កម្មវិធីនានារបស់រដ្ឋាភិបាល និងប៉ះពាល់ដល់ពលរដ្ឋច្រើនសន្ធឹកសន្ធាប់។
ក្រោយពីបញ្ហាគាំង ស្ទះនយោបាយបានកើតឡើង ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋបានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាម៉េរិក៕ (Radio Australia)