តុលាការលើកលែងការចោទប្រកាន់លើអតីតប្រធានាធិបតីសាកូហ្ស៊ី ក្នុងសំណុំរឿងគ្រួសារបេតង់គួរ
តុលាការបារាំងបានសំរេចលើកលែង ការចោទប្រកាន់លើអតីតប្រធានាធិបតីបារាំងសាកូហ្ស៊ី ក្នុងសំណុំ រឿងក្តីគ្រួសារលោកស្រីបេតង់គួរ ដែលជាម្ចាស់ក្រុមហ៊ុនសំអាងកាយ L’OREAL ដ៏មានសម្បតិ្តស្តុកស្តម្ភនៅប្រទេសបារាំងនោះ។ នេះបើយោងតាមប្រភពព័ត៌មានជិតដិតនឹងសំណុំរឿង នៅថ្ងៃចន្ទនេះ។ លោកសាកូហ្ស៊ី ធ្លាប់រងការចោទប្រកាន់ថា បានឆ្លៀតឱកាសដែលសេដ្ឋីនីចំណាស់បេតង់គួរ វង្វេងវង្វាន់ស្មារតី ដើម្បីទទួលប្រាក់កាសខុសច្បាប់ពីគាត់ យកទៅឧបត្ថម្ភការឃោសនាបោះឆ្នោតគណបក្សស្តាំនិយមរបស់លោក កាលពីឆ្នាំ២០០៧។
ចៅក្រមទាំង បីរូប នៅសាលាឧទ្ធរណ៍ក្រុង Bordeaux ប្រទេសបារាំង បានសំរេចលើកលែងការចោទ ប្រកាន់លើអតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី ពីបទឆ្លៀតឱកាសចំណេញលើស្ថានភាពចាស់ជរា វង្វេងវង្វាន់របស់សេដ្ឋីនីបារាំង បេតង់គួរ ដើម្បីយកប្រាក់កាសខុសច្បាប់ពីគាត់ យកទៅឧបត្ថម្ភការ ឃោសនាបោះឆ្នោតគណបក្សស្តាំនិយមរបស់លោក កាលពីឆ្នាំ២០០៧។
គួររំលឹកថា អតីតគណនេយ្យកររបស់លោកស្រីបេតង់គួរ ធ្លាប់បានប្រាប់ប៉ូលិសថា ខ្លួនធ្លាប់បានដកលុយសុទ្ធប្រមាណ ១៥ម៉ឺនអឺរ៉ូ អោយដល់លោក អេរិក វើត អតីតរដ្ឋមន្ត្រីទទួលថវិកាជាតិ និងជាអ្នកទទួលបន្ទុកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សាកូហ្ស៊ី។ ប្រាក់សុទ្ធនោះ គឺសំរាប់វិភាគទានការឃោសនាបោះឆ្នោតរបស់បក្សស្តាំនិយមUMPរបស់ លោកសាកូហ្ស៊ី។
កាលពីខែកញ្ញា តុលាការបានអនុម័តទទួលយកការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យបារាំង ដែល បានសន្និដ្ឋានថា ម្ចាស់ក្រុមហ៊ុនគ្រឿងសំអាងកាយ L’OREAL គឺលោកស្រី បេតង់គួរ អាយុ៩០ឆ្នាំ មានសភាពវង្វេងវង្វាន់ដោយភាពចាស់ជរា តាំងតែពីឆ្នាំ២០០៦ ម្ល៉េះ។ នៅថ្ងៃចន្ទនេះ យោងតាមប្រភពព័ត៌មានជិតដិតនឹងសំណុំរឿងក្តី ចៅក្រមបារាំងគិតថា ការចោទប្រកាន់លើលោកសាកូហ្ស៊ី ហាក់មានលក្ខណៈច្បាស់លាស់ពេក ដើម្បីបញ្ជូនរូបលោក ទៅអោយតុលាការសម្រេចការជំនុំជម្រះ។ សាលាឧទ្ធរណ៍បារាំងក៏បានសំរេចអោយមនុស្សម្នាក់ទៀត ជាប់ចោទក្នុងសំណុំរឿងបេតង់គួរនេះដែរ បានរួចពីការចោទប្រកាន់ដែរ។ ដោយឡែក លោក អេរិក វើត និងមនុស្ស៩នាក់ទៀត ក្នុងសំណុំរឿងនេះ នឹងត្រូវតុលាការជំនុំជម្រះ នៅឆ្នាំ២០១៤ខាងមុខ។
លោក អង់ទ័ន ហ្គីយ៉ូ មេធាវីរបស់អតីតគណនេយ្យកររបស់លោកស្រីបេតង់គួរ គិតថា ការសំរេចរបស់សាលាឧទ្ធរណ៍ជាការសំរេចបែបទៀងត្រង់ ព្រោះថា សាលាឧទ្ធរណ៍ប្រហែលជាបានឃើញថា ខ្លួនខ្វះភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់អតីតប្រធានាធិបតី បារាំង។ លោក ហ្គីយ៉ូ ប្រាប់ថា ទោះយ៉ាងនេះក្តី លោកសាកូហ្ស៊ី នៅតែមានការពាក់ព័ន្ធនឹងរឿងនេះដោយផ្ទាល់៕ដោយ ព្រំ សឿន សូលីណា (RFI)