ស្ត្រីមានកូននៅវ័យក្មេងងាយកើតជំងឺធាត់
សុខភាព៖ តាមការស្រាវជ្រាវ មួយរបស់ពួកអ្នកវិទ្យាសាស្ត្រថ្មីៗនេះ បានបង្ហាញថា ស្ត្រីដែលកើតកូនដំបូងនៅវ័យក្មេង ទៅថ្ងៃមុខនឹងមានលទ្ធភាពកើតជំងឺធាត់ច្រើនប្រៀបនឹងអ្នកកើតកូនដំបូង ក្រោយអាយុ២០ឆ្នាំ ។
ពួកអ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យពី ការសិក្សាស្រាវជ្រាវត្រួតពិនិត្យជីវជាតិ និងសុខភាពជាតិបានរកឃើញថា ៤៤% នៃស្ត្រីកើតកូនដំបូងពេលមានអាយុក្រោម២០ឆ្នាំ ត្រូវធាត់ប្រៀបនឹង៣៥% នៃស្ត្រីកើតកូនដំបូងនៅអាយុ២០ឆ្នាំ ឬលើសនេះ ។
បណ្ឌិត Tammy Chang ជំនាញការនៅសកលវិទ្យាល័យ Michigan (អាមេរិក) និយាយថា “គំហើញនេះចង្អុលបង្ហាញថា យើងចាំបាច់ត្រូវចាប់ផ្តើមពិនិត្យមើលហានិភ័យអំពីសុខភាពយូរអង្វែងនៅ ស្ត្រីកើតកូននៅអាយុ២០ឆ្នាំ ក៏ដូចជាគ្រោះថ្នាក់រយៈពេលខ្លី ក្នុងបណ្តាការពិគ្រោះពិភាក្សាអំពីសុខភាព និងគោលនយោបាយចំពោះការមានគភ៌នៅវ័យក្មេង ហើយហានិភ័យ១ក្នុងចំណោមហានិភ័យនោះគឺស្ថានភាពពិតនៃជំងឺធាត់នៅ ស្ត្រីឆាប់មានកូន ៕ វត្តី/Cambodia News