កូរ៉េទាំងពីរ​ព្រមព្រៀង​គ្នា​បើកទ្វារ​តំបន់​ឧស្សាហកម្ម​កែស៊ុង​ នៅ​ថ្ងៃ​១៦​កញ្ញា​

នៅថ្ងៃ​ពុធ​នេះ កូរ៉េខាងជើង​និង​កូរ៉េ​ខាងត្បូង​ បាន​ព្រមព្រៀងគ្នា​ សំរេច​​បើក​ទ្វារ​​តំបន់​ឧស្សាហកម្ម​កែស៊ុង​អោយ​ដំណើរ​ការ​ឡើងវិញ នៅថ្ងៃចន្ទ​ ទី​​១៦កញ្ញា​ សប្តាហ៍​ក្រោយ​នេះ​ហើយ។ តំបន់​ឧស្សាហកម្ម​កែស៊ុង បានបិទទ្វារ​លែងដំណើរការ​ តាំងពី​ខែ​មេសា​​ដើមឆ្នាំ​ ដោយសារ​តែ​ភាព​តានតឹង​នៅ​ឧបទ្វីបកូរ៉េ បន្ទាប់​ពី​ក្រុងព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ខ្លួន​​ជាលើកទី៣ ធ្វើ​អោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​រង​នូវ​ទណ្ឌកម្ម​ជាច្រើន​ពី​សំណាក់​​ សហគមន៍​អន្តរជាតិ​។

បន្ទាប់​ពី​បាន​ ជួបប្រជុំគ្នាអស់​​ពេល​​​មួយ​យប់​​មក​ នៅថ្ងៃ​ពុធ​នេះ ប្រទេស​កូរ៉េ​ទាំងពីរ​បានសំរេច​បើកទ្វារ​តំបន់​ឧស្សាហកម្ម​កែស៊ុង នៅថ្ងៃ​ចន្ទទី​១៦កញ្ញា​ ខាង​មុខ​នេះ​ អោយ​ដំណើរការ​ឡើងវិញ។ នៅពេល​នេះ ប្រទេស​ទាំងពីរ​​ចាត់វិធាន​ការ​ហិរញ្ញវត្ថុ​​ ដើម្បី​អោយ​តំបន់​ឧស្សាហកម្ម​​កែស៊ុង ​ក្លាយ​ជា​តំបន់​មួយ​នឹងនរ និង​អាច ប្រជែង​ជាមួយ​តំបន់​ឯទៀត នៅ​លើ​ឆាក​អន្តរជាតិ។

កូរ៉េ ​​ខាងត្បូង​បាន​​​​ទទូច​អោយ​កូរ៉េ​ខាងជើង​ទទួល​យក​លក្ខខណ្ឌ​ មួយចំនួន​របស់​ខ្លួន បាន​ដោយជោគជ័យ បែបយ៉ាង​ដូចជា ​អនុញ្ញាត​អោយ​អ្នកវិនិយោគ​បរទេស​​​បាន​ចូល​ទៅ​តំបន់​នោះ។ ក្រុងសេអ៊ូល​ សង្ឃឹម​ថា ប្រការ​នេះ​​​អាច​ជួយទប់ស្កាត់​ក្រុងព្យុងយ៉ាង​មិន​អោយ​​ចាត់វិធានការ​ ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន។ ​ក្រុងសេអ៊ូល​ក៏បាន​សុំអោយ​ក្រុង​ព្យុងយ៉ាង​​ ផ្អាក​ការ​យក​ពន្ធ​ដារ​​ផ្សេងៗ​ដែល​​សហគ្រាស​កូរ៉េ​ខាងត្បូង​ត្រូវ​បង់​ថ្លៃ ​ផងដែរ ដើម្បី​ជា​ការ​ចេញ​សង​ដល់​ការ​ខាតបង់​ចំណូល​រាប់រយ​លាន​អឺរ៉ូ ដែល​សហគ្រាស​ទាំងនោះ​ទទួលរង​ ​តាំងពី​ពេល​​តំបន់​ឧស្សាហកម្ម​​​បិទទ្វារ​​ នៅ​ខែ​មេសា​មក។

គួរបញ្ជាក់​ថា នៅ​តំបន់​ឧស្សាហកម្ម​ Kaesong មាន​សហគ្រាស​កូរ៉េ​ខាងត្បូង​ចំនួន ១២៣។ តំបន់​នេះ​ស្ថិត​​ក្នុង​ទឹកដី​​កូរ៉េ​ខាង​ជើង មាន​ចំងាយ​​​១០គីឡូម៉ែត្រ​ ពី​ព្រំប្រទល់​​​កូរ៉េ​ទាំងពីរ។ តំបន់​នេះ បង្កើត​ឡើង​ក្នុង​ទស្សវត្ស​ឆ្នាំ​២០០០ ​​តំណាង​ការទូត​រវាង​កូរ៉េទាំងពីរ។ កែស៊ុង​ជាប្រភព​ចំណូល​​ប្រាក់កាស​​​តែមួយ​គត់​សំរាប់​កូរ៉េខាង ជើង ព្រោះថា ប្រទេស​នេះ​បាន​រងទណ្ឌកម្មពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​មហច្ឆតា​នុយក្លេអ៊ែរ​របស់ ខ្លួន។ ​

ភាពតានតឹង​បង្ក​ដោយ​ការសាកល្បង​នុយក្លេអ៊ែរ​​លើកទី៣ របស់​ក្រុងព្យុងយ៉ាង​ ​បាន​ជំរុញ​អោយ​តំបន់កែ ស៊ុង​បិទទ្វារ នៅ​​ខែ​​មេសា​ដើមឆ្នាំ។ ​កូរ៉េ​ខាងជើង​​បាន​ហាមឃាត់​​បុគ្គលិកការងារ​កូរ៉េ​ខាងត្បូង​មិន​ អោយ ចូលទឹកដី​ខ្លួន ហើយ​​បាន​ដក​បុគ្គលិកការងារខ្លួន​​៥ម៉ឺន៣ពាន់នាក់​ ពីតំបន់ឧស្សាហកម្ម​កែស៊ុងនោះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close