គណបក្សប្រជាជនបេ្តជ្ញាការពារលទ្ធផលនៃការបោះឆ្នោត
ភ្នំពេញ៖ លទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសជាផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ទទួលយកដោយរីករាយ ហើយថែមទាំងបេ្តជ្ញាការពារលទ្ធផលនេះទៀតផង។
យោងតាមលទ្ធផលផ្លូវការដែលផ្សាយដោយ គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨កៅអី រីឯគណបក្សសង្គ្រោះជាតិដែលបានប្រកាសបដិសេធទាំងស្រុងចំពោះលទ្ធផលនេះ ទទួលបាន៥៥កៅអី។
គណបក្សប្រជាជនកម្ពុជាបានអះអាងថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានអបអរសាទរ និងធ្វើការវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការបោះឆ្នោតនេះ បើទោះបីជាមានបញ្ហាខ្វះខាតតិចតួចក្តី ក៏ពុំបានធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតឡើយ។
គណបក្សប្រជាជនកម្ពុជាបានវាយតម្លៃថា ការបោះឆ្នោតនេះកើតចេញពីឆន្ទៈរបស់ប្រជាជនពិតប្រាកដ ហើយបានកោតសរសើរចំពោះការបំពេញតួនាទី និងភារកិច្ចរបស់ គ.ជ.ប ចំពោះការរៀបចំការបោះឆ្នោតនេះ។
ក្រៅពីសន្យាបន្តអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនត្រៀមរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជាបន្តទៀត៕ Cambodia News