អាម៉េរិកនិងបារាំងពិចារណាអំពីអន្តរាគមន៍ជាអន្តរជាតិទៅលើការប្រើអាវុធគីមីនៅស៊ីរី
សេតវិមាននៅសហរដ្ឋអាម៉េរិកនិយាយថា លោកប្រធានាធិបតី Barack Obama ជាមួយនឹងប្រធានាធិបតីបារាំង Francois Hollande បានបើកកិច្ចពិភាក្សាស្ដីអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ជា លក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រើប្រាស់អាវុធគីមីសម្លាប់ជនស៊ីវិលនៅ ក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ឡើងវិញថា មនុស្សរាប់រយនាក់បានស្លាប់ ហើយគណបក្សប្រឆាំងនិយាយថា ការស្លាប់នោះបណ្តាលមកពីការវាយប្រហារដោយកងយោធារដ្ឋាភិបាលស៊ីរី។
ប៉ុន្តែ រដ្ឋាភិបាលស៊ីរីបដិសេធចំពោះការចោទប្រកាន់ ហើយបានយល់ព្រមឲ្យក្រុមត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិ ធ្វើការពិនិត្យនៅក្នុងក្រុងដាម៉ាស់នៅរសៀលនេះ។
រដ្ឋមន្រ្តី ក្រសួងការបរទេសបារាំងលោក Laurent Fabius បានបង្ហាញថា តាមរយៈភស្តុតាងដែលទទួលបាន, រដ្ឋាភិបាលបារាំងជឿថារដ្ឋាភិបាលស៊ីរីជាអ្នកទទួលខុសត្រូវលើ ការវាយប្រហារដោយអាវុធគីមីនេះ៕ (Radio Australia)