តំណាងរាស្រ្ដអាម៉េរិកចង់ឲ្យមានការកាត់បន្ថយជំនួយទៅអេហ្ស៊ីប
នៅសហរដ្ឋអាម៉េរិក តំណាងរាស្រ្ដជាន់ខ្ពស់ពីគណបក្សសាធារណរដ្ឋបានអំពាវនាវឲ្យលោក ប្រធានាធិបតី Barack Obama ដកការផ្ដល់ជំនួយជាង១ពាន់លានដុល្លារដល់ក្រុមយោធាអេហ្ស៊ីប ក្រោយពីមានហេតុការណ៍ធ្វើឲ្យមនុស្សស្លាប់ច្រើនរយនាក់កាលពី សប្ដាហ៍មុន។
កាលពីពេល ២សប្ដាហ៍មុន លោកព្រឹទ្ធសមាជិក John McCain និងលោក Lindsey Graham ពីគណបក្សសាធារណរដ្ឋបានធ្វើដំណើរទៅប្រទេសអេហ្ស៊ីបតាមសំណើរបស់ ប្រធានាធិបតីអាម៉េរិក។ លោកព្រឹទ្ធសមាជិក John McCain មានប្រសាសន៍ថា ការអោបដៃឈរមើលការសម្លាប់រង្គាលនៅអេហ្ស៊ីប គឺជាការបំពានទៅនឹងគោលជំហររបស់សហរដ្ឋអាម៉េរិក។
លោក ព្រឹទ្ធសមាជិក Lindsey Graham ក៏ចង់ឲ្យមានការកាត់បន្ថយជំនួយទៅអេហ្ស៊ីប ហើយដាក់សម្ពាធសេដ្ឋកិច្ចទៅលើប្រទេសនេះផងដែរ។
មកទល់ពេលនេះ ប្រធានាធិបតីបានពន្យារពេលមិនទាន់ផ្ដល់យន្ដហោះចម្បាំងទៅឲ្យ អេហ្ស៊ីបនៅឡើយទេ ហើយក៏លើកពេលចំពោះការធ្វើសមយុទ្ធយោធារួមផងដែរ។ លោកបានការគាំទ្រចំណាត់ការនេះពីតំណាងរាស្រ្ដជាន់ខ្ពស់នៃបក្ស ប្រជាធិបតេយ្យ។
តាំងពីមានអំពើហិង្សាកើតឡើងនៅអេហ្ស៊ីបអស់ ពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សជាង៧៥០នាក់បានស្លាប់បាត់បង់ជីវិត៕ (Radio Australia)