អូស្រ្ដាលីកោះហៅឯកអគ្គរដ្ឋទូតអេហ្ស៊ីបឲ្យចូលបំភ្លឺ
ប្រទេសអូស្រ្ដាលីបានកោះហៅឯក អគ្គរដ្ឋ ទូតអេហ្ស៊ីបប្រចាំអូស្រ្ដាលី ឲ្យចូលជួបនៅក្រសួងការបរទេសអូស្រ្ដាលីនៅក្រុងខេនបេរ៉ា។
លោកស្រី Gillian Bird អនុលេខាធិការនៃក្រសួងការបរទេសអូស្រ្ដាលីនឹងសម្ដែងនូវកង្វល់នានា របស់អូស្រ្ដាលីជុំវិញមរណភាពពលរដ្ឋអេហ្ស៊ីបរាប់រយនាក់ដែលបាន ស្លាប់នៅក្នុងអំឡុងពេលរុះរើជំរំរបស់ក្រុមអ្នកធ្វើបាតុកម្ម។
កាល ពីព្រឹកមិញនេះ ប្រទេសអូស្រ្ដាលី, អង់គ្លេស និងបារាំងបានស្នើឲ្យមានការបើកសម័យប្រជុំគ្រាអាសន្នមួយនៅក្នុង ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្ដិសុខបានទទូចឲ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេស អេហ្ស៊ីបបញ្ចប់អំពើហិង្សា និងធ្វើការអត់ធ្មត់ទាំងសងខាងឲ្យបានខ្លាំងមែនទែន។
នៅ ក្នុងគ្រានេះដែរ អ្នកជំនាញអូស្រ្ដាលីអំពីកិច្ចការអេហ្ស៊ីបនិយាយថា ការកប់សាកសពរបស់អ្នកដែលបានស្លាប់នៅក្នុងការបង្រ្កាបរបស់ក្រុម យោធាលើបាតុករអាចនឹងបញ្ឆេះឲ្យមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរ។
ចំនួន មរណភាពនៅក្នុងការបង្រ្កាបនៅក្រុងគែរ៍នេះ បានឡើងដល់ជាង៦០០នាក់ហើយ។ លោក Ben Macqueen ពីមហាវិទ្យាល័យនយោបាយនៃសកលវិទ្យាល័យ Monash ក្នុងក្រុងមែលប៊ិនឲ្យដឹងថា មានការបិទក្រុងធំៗនៅក្នុងប្រទេសអេហ្ស៊ីប ហើយការគ្រប់គ្រងពីរបបយោធាទំនងជានឹងបន្ដនៅពេលច្រើនខែទៅមុខ ទៀត។
ប្រធានាធិបតីអាម៉េរិកលោក Barack Obama បានលប់ចោលផែនការសមយុទ្ធយោធារួមជាមួយនឹងអេហ្ស៊ីប ដើម្បីជាការឆ្លើយតបទៅនឹងការបង្រ្កាបហិង្សារបស់យោធាអេហ្ស៊ីប។ លោក Barack Obama បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាល បណ្ដោះអាសន្ន និងកងសន្ដិសុខនៅក្នុងប្រទេសអេហ្ស៊ីប។ លោកបន្ដឲ្យដឹងថា លោកមានកង្វល់ចំពោះស្ថានការណ៍នៅអេហ្ស៊ីប ហើយថា ពលរដ្ឋអេហ្ស៊ីបគួរតែបានទទួលនូវភាពប្រសើរជាងនេះ៕ (Radio Australia)