ពៅ លីដា ស្ងប់ស្ងាត់ក្នុងការថតភាពយន្ត និងពិធីការិនី
ភ្នំពេញ៖ ធ្លាប់តែជាតារាមានការងារធ្វើជាប់ៗគ្នារដឹកកាលពីមុននោះ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ ២០១៣ នេះ ពៅ លីដា បានសម្តែងការងឿងឆ្ងល់ ជុំវិញការបាត់ដំណឹងថតភាពយន្ត ខុសពីពេលមុន ខណៈដែលនាងនៅតែដើរលើវិថីចាស់ ព្រោះទោះជាយ៉ាងណាក្តី នាងមិនចោលការងារដែលធ្លាប់តែជួយស្ទួយឱ្យនាងមានការចាប់អារម្មណ៍ពី មហាជននេះឡើយ។
កាលពីពេលកន្លងទៅ កញ្ញា ពៅ លីដា ដែលស្ងាត់ការថតភាពយន្ត និងកំពុងកាន់ការងារជាពិធីការិនីនៅទូរទស្សន៍អប្សរា ក្នុងកម្មវិធីដែលមានឈ្មោះថា “ជីវិតមានន័យ” បានឱ្យដឹងថា ប្រហែលមកពីក្នុងរដូវនេះ មានភ្លៀងធ្លាក់ ទើបនាងមិនមានគេទាក់ទងមក។ ម្យ៉ាងទៀត នាងថា សព្វថ្ងៃក៏មានតារាសិល្បៈស្រករក្រោយ រីកឡើងព្រោងព្រាតផងដែរ ទើបធ្វើឲ្យទីផ្សារការងារកាន់ តែចង្អៀតទៅៗ ហើយតារាស្រករមុនដូចនាង ក៏បាត់បង់ឱកាសសម្តែងច្រើនដែរ។
នៅពេលសួររឿងស្នេហាផ្ទាល់ខ្លួន តារាសម្បុរស្រអែមស្រស់រូបនេះនិយាយថា បេះដូងនាងនៅទំនេរស្អាត មិនមានពាក់ព័ន្ធជាមួយបុរសណាម្នាក់នោះទេ បើទោះបីជាកន្លងមក នាងធ្លាប់លេចឮព័ត៌មានស្នេហា អ្នកនេះ អ្នកនោះក៏ដោយ។
កាលពីដើមឆ្នាំ ២០១៣ ពៅ លីដា ក៏ទទួលបានឱកាសចេញទៅច្រៀង និងសម្តែងនៅប្រទេសអូស្ត្រាលីផងដែរ និងមានបុរសៗអាណិកជនអូស្ត្រាលីចោមរោមសុំស្នេហ៍មិនតិចឡើយ។ ប៉ុន្តែកាលណោះ ពៅ លីដា បានបដិសេធថា នាងមិនបានជួបនឹងរឿងបែបនោះ ដូចគេនិយាយឡើយ តែនាងបានឲ្យដឹងថា ក្នុងដំណើរក្រៅប្រទេសលើកនោះ នាងពិតជាអាចកើបប្រាក់បានច្រើន។
ពៅ លីដា បានក្លាយជាតារាសិល្បៈ ក្រោយពីជាប់ជុំផ្តាច់ព្រ័ត្រក្នុងការប្រលងកញ្ញាឯកព្រីដស្តុននៅ ប៉ុស្តិ៍លេខ៩ កាលពីឆ្នាំ២០០២ ។ នាងលេចធ្លោគួរសមក្រោយពីបានសម្តែងក្នុងរឿង “ក្លិនផ្កាបីស្រទាប់” នៅប៉ុស្តិ៍បាយ័ន និងរឿង “រលកសំឡេង” នៅទូរទស្សន៍ ស៊ីធីអិន ក្នុងតំណែងជាតួកូនក្រមុំចាម ។
ប៉ុន្តែ ជីវិតឯកជនរបស់នាងទើបតែត្រូវបានគេតាមដាន ក្រោយពីបានជួបបុរសឋានៈផ្កាយបី ដែលអះអាងថា ជាឪពុក ប៉ុន្តែនៅតែមានអ្នកសង្ស័យថា បុរសឧត្តមសេនីយ៍រូបនោះ ជាកំណាន់ចិត្តរបស់តារាវ័យ ២២ឆ្នាំរូបនេះ តែនាងបានច្រានចោល ៕ ស.រ/Cambodia News