អាល់កៃដាប្រកាសថា បានបង្កភេរវកម្មក្នុងថ្ងៃបញ្ចប់បុណ្យរ៉ាម៉ាដង់នៅអ៊ីរ៉ាក់
រាល់អំពើភេរវកម្មសំលាប់មនុស្ស ជាច្រើននាក់ ដែលបានផ្ទុះឡើង នៅតាមផ្សារ និងហាងកាហ្វេនានា នៅអ៊ីរ៉ាក់កាលពីចុងសប្តាហ៍កន្លងទៅ គឺជាស្នាដៃរបស់ក្រុមឧទ្ទាមអាល់កៃដាសំរាប់ពិធីបិទបញ្ចប់បុណ្យ សាសនា រ៉ាម៉ាដង់។ កាលពីថ្ងៃអាទិត្យ ក្រុមអាល់កៃដាផ្ទាល់ ជាអ្នកប្រកាសថា ខ្លួនបានបង្កភេរវកម្មទាំងអស់នេះ ដើម្បីសងសឹករដ្ឋាភិបាលអ៊ីរ៉ាក់ ដែលបានធ្វើការចាប់ខ្លួនសកម្មជនអាល់កៃដាជាច្រើននាក់។
សាខា មួយនៃក្រុមឧទ្ទាមអាល់កៃដា ដែលមានឈ្មោះថា “រដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់” បានចុះផ្សាយលើគេហទំព័រនានារបស់ក្រុមជីហាដ នូវសេចក្តីថ្លែងការណ៍មួយ ប្រកាសថាខ្លួនជាអ្នកបង្ករាល់អំពើភេរវកម្មនានា កាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងពិធីបញ្ចប់បុណ្យរ៉ាម៉ាដង់ នៅអ៊ីរ៉ាក់។ ក្រុមឧទ្ទាមអាល់កៃដា ចង់សងសឹករដ្ឋាភិបាលអ៊ីរ៉ាក់ដែលពង្រឹងសន្តិសុខក្នុងប្រទេស និងបានចាប់ខ្លួនសកម្មជនខ្លួនជាច្រើននាក់។ ក្រុមអាល់កៃដាបានគំរាមអាជ្ញាធរអ៊ីរ៉ាក់ អោយបញ្ឈប់សកម្មភាពចាប់ខ្លួនទាំងនេះ។
កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមអាល់កៃដា បានបង្កភេរវកម្មបំផ្ទុះរថយន្តផ្សេងៗ តាមសង្កាត់ និងក្រុងជាច្រើន នៅអ៊ីរ៉ាក់។ យោងតាមក្រសួងមហាផ្ទៃអ៊ីរ៉ាក់ អំពើភេរវកម្មទាំងនេះ បានសំលាប់មនុស្ស២១នាក់។ ប៉ុន្តែ បើយោងតាមប៉ូលិសនិងក្រុមគ្រូពេទ្យ មនុស្សដែលស្លាប់មានរហូតដល់៨០នាក់ ឯណោះ។ ជនរងគ្រោះភាគច្រើនជាក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត។ អំពើភេរវកម្មនៅថ្ងៃបញ្ចប់បុណ្យរ៉ាម៉ាដង់នេះ គឺជាអំពើភេរវកម្មសម្លាប់មនុស្សដ៏ធំបំផុតនៅ អ៊ីរ៉ាក់ ក្នុងរយៈ៥ឆ្នាំកន្លងទៅនេះ។
នៅថ្ងៃចន្ទនេះ អំពើហិង្សានៅតែបន្តកើតមាន។ ភេរវកម្មបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅជិតសាលារៀនមួយកន្លែង នៅ៨០គីឡូម៉ែត្រ ភាគពាយព្យពីក្រុងបាដាដ ធ្វើអោយមនុស្ស២នាក់ ស្លាប់ និង១១នាក់ទៀតរបួស។ ក្នុងខែកក្កដាកន្លងទៅ យោងតាមអង្គការសហប្រជាជាតិ មានមនុស្សជាង១០០០នាក់ បានបាត់បង់ជីវិតដោយអំពើហិង្សា។
ក្រុមអាល់កៃដា គំរាមថា ក្រុមនិកាយស៊ីអ៊ីត នឹងមិនមានសុវត្ថិភាពសន្តិសុខឡើយ មិនថាយប់ មិនថាថ្ងៃ មិនថាថ្ងៃបញ្ចប់បុណ្យរ៉ាម៉ាដង់ រឺក៏ថ្ងៃណាផ្សេងទៀតនោះឡើយ។ ក្រុមអាល់កៃដា បានប្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់អោយឈប់យាយីក្រុមអ្នកកាន់សាសនាអ៊ីស្លាម និកាយស៊ុននីត តទៅទៀត៕ដោយ ព្រំ សឿន សូលីណា(RFI)