ក្រសួងអប់រំមិនអាចទប់ស្កាត់ការបែកធ្លាយវិញ្ញាសារប្រឡងទុតិយភូមិ
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៦ ខែសីហា របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ ថាជារឿងអាម៉ាស់បំផុតនៅកម្ពុជា ដែលក្រសួងអប់រំទុកបណ្ដោយឲ្យស្ថានភាពនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ មានអំពើពុករលួយជាប្រព័ន្ធកើតឡើងដោយគ្មានការទប់ស្កាត់។
សមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យអំពាវនាវឲ្យលោក អ៊ឹម សិទ្ធី រដ្ឋមន្រី្តក្រសួងអប់រំយុវជន និង កីឡាចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសា និងការធ្វើចម្លើយវិញ្ញាសាលក់ឲ្យបេក្ខជនប្រឡងតាមបន្ទប់នីមួយៗ ក្នុងតម្លៃទាបបំផុត ៥០ម៉ឺនរៀល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា នៅថ្ងៃដំបូង នៃការប្រឡងសញ្ញាបត្របាក់ឌុប កាលពីថ្ងៃទី៥ ខែសីហា បានកើតមានភាពមិនប្រក្រតីនៅក្នុងមណ្ឌលមួយចំនួន ដែលប្រធាន និងអនុប្រធានមណ្ឌលសហការជាមួយគ្រូឯកទេស ធ្វើចម្លើយវិញ្ញាសាលក់ឲ្យបេក្ខជនតាមបន្ទប់ មានដូចជាមណ្ឌលវិទ្យាល័យមេមត់ ខេត្តកំពង់ចាម និងមណ្ឌលជាច្រើនទៀត ដែលគ្រូអនុរក្សមួយចំនួនបានតម្រូវឲ្យបេក្ខជនម្នាក់ៗបង់លុយចំនួន ២ម៉ឺនរៀលទៅ៥ម៉ឺនរៀលក្នុងមួយមុខវិជ្ជាជាថ្នូរនៃការបើកចម្លង ។
យ៉ាងណាមិញ ចំពោះការបែកធ្លាយវិញ្ញាសាប្រឡងនេះត្រូវបានមន្ត្រីក្រសួងអប់រំ ឆ្លើយបដិសេធ និងអះអាងថាមិនមានការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិដូចការចោទប្រកាន់នោះទេ៕ នាង/Cambodia News