សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតបាល់ទាត់សប្បុរសធម៌រកបានថវិកាសរុបប្រមាណ ៥លានដុល្លារអាមេរិក

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី០១ ខែឧសភា បានបង្ហោះសារកោតសរសើរ និងអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាទស្សនិកជន ដែលជាអ្នករួមចំណែកជួយឱ្យការប្រកួតបាល់ទាត់សប្បុរសធម៌នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីនេះបានបញ្ចប់ទៅដោយភាពជោគជ័យ។

សម្តេចតេជោបានបញ្ជាក់ថា៖ “បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាព នយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិយើង។ អរគុណក្រុមបាល់ទាត់ទាំង៤ក្រុមដែលចូលរួមប្រកួត។ អរគុណសិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ។ អរគុណអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋាន ទាំងមើលការផ្សាយផ្ទាល់”។

សម្តេចតេជោបន្ថែមថា៖ “អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ ឧសភា ២០២៤នេះ មានប្រាក់រៀល ៦០៥,០០០,០០០រៀល និងជាដុល្លារ៤,៨៥០,០០០ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារចំនួន ៥,០០១,២៥០។ ដូចបានជំរាបជូន៣ថ្ងៃមុននេះថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ ៥០០,០០០$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០០,០០០$ គ្រួសារយុទ្ធជនពលី ២០គ្រួសារ ២០០,០០០$ សរុប ១,០០០,០០០$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានឹងទទួលបាន ៤,០០១,២៥០$ ជាបណ្តោះអាសន្ន និងប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់”។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា “លទ្ធផលចុងក្រោយរបស់យើងគឺជីវិត សុខភាព និងស្នាមញញឹមរបស់កុមារ”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close