តុលាការព្រហ្មទ័ណ្ឌ​ក្រុង​បាងកក​បើក​សវនការ​កាត់ទោស​ក្រុម​អាវលឿង

នៅ​ថ្ងៃ​ចន្ទ ទី២៩ កក្កដា​នេះ តុលាការព្រហ្មទ័ណ្ឌ​ក្រុង​បាងកក​បើក​សវនការ​កាត់ទោស​ក្រុម​អាវលឿង​ដែល​ជា​ ក្រុមប្រឆំាង​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន ស៊ីណាវ៉ាត់។ ក្រុម​អាវលឿង​បាន​ជាប់ចោទ​ពី​បទ​ចូល​កាន់កាប់​ព្រលាន​យន្តហោះ​ចំនួន​ពីរ​ ក្នុង​ទីក្រុង​បាងកក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នំា ២០០៨។ ព្រឹត្តិការណ៍​កាន់កាប់​ព្រលាន​យន្តហោះ​ដែល​កាល​ណោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ រំាងស្ទះ​អ្នកធ្វើដំណើរ​រាប់សិប​ពាន់នាក់។ ដំណើរការ​កាត់ទោស​នឹង​ត្រូវ​ប្រើ​រយៈពេល​ជា​ច្រើន​ខែ។

ជា​ផ្លូវការ មាន​មនុស្ស​សរុប​ចំនួន ១១៤នាក់​ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការព្រហ្មទ័ណ្ឌ​ក្នុង​ក្រុង​បាងកក។ អ្នក​ទំាង ១១៤នាក់​សុទ្ធសឹង​ជា​សមាជិក​សំខាន់ៗ​​របស់​ក្រុម​អាវលឿង។ តំាង​ពី​ជិត ១០ឆ្នំា​កន្លង​ទៅ ចលនា​គំាទ្រ​រាជានិយម​មួយ​នេះ​បាន​ធ្វើ​យុទ្ធនាការ​ប្រឆំាង​នឹង​លោក​អតីត​ នាយករដ្ឋមន្រ្តី​ថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត់។ ពួក​អាវលឿង​ទំាង​នេះ​បាន​ជាប់​ពី​បទ​បាន​ចូល​កាន់កាប់​ព្រលានយន្តហោះ​អស់​ រយៈពេល​ជា​ច្រើន​សប្តាហ៍ វិមាន​រដ្ឋាភិបាល និង​រដ្ឋសភា​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០០៨។ ទង្វើ​របស់​ពួក​អាវលឿង​កាល​ណោះ​បាន​ធ្វើ​ឡើង ជួន​ចំ​ពេល​ដែល​បងថ្លៃ​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​កំពុង​ដឹកនំា​រដ្ឋាភិបាល។ គឺ​ទើប​តែ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នំា ២០០៨ ដដែល​នោះ​ទេ ដែល​ក្រុម​អាវលឿង​បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​រំលាយ​រដ្ឋាភិបាល​របស់​បងថ្លៃ​លោក ​ចាក់ស៊ីន​ចោល។

ក្នុង​ចំណោម​ជនជាប់ចោទ​ទំាង ១១៤នាក់​នោះ គេ​ឃើញ​មាន​លោក Sondhi Limthongkul ដែល​ជា​មនុស្សស្និទិ​នឹង​របប​រាជានិយម និង​ដែល​ធ្លាប់​បាន​ប្រកាស​ថា លោក​បាន​ទទួល​ការ​គំាទ្រ​ពី​ព្រះមហាក្សត្រ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់។ រូប​លោក Sondhi Limthongkul ក៏​ដូច​ជា​ជនជាប់ចោទ​អាវលឿង​ផ្សេង​ទៀត​បាន​ជាប់ចោទ​ពី​បទ​ភេរវនិយម។ គឺ​ជា​បទឧក្រិដ្ឋ​មួយ​ដែល​នឹង​អាច​ទទួល​ទោស​ប្រហារ​ជីវិត។

យ៉ាង​ណា​ក៏​ដោយ ដំណើរការ​កាត់ទោស​ក្រុមអាវលឿង​ពេល​នេះ​នឹង​ត្រូវ​បាន​ទទួល​ការ​តាម​ដាន​យ៉ាង ​យកចិត្ត​ទុកដាក់​បំផុត​ពី​ក្រុម​អាវក្រហម​ដែល​ជា​សកម្មជន​គំាទ្រ​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត់។ កន្លង​មក មាន​ក្រុម​អាវក្រហម​ជា​ច្រើន​នាក់​ធ្លាប់​បាន​ទទួល​ការ​កាត់ទោស​ពី​បទ​បង្ក​ អាណាធិបតេយ្យ​ក្នុង​ក្រុង​បាងកក​កាល​ពី​ឆ្នំា ២០១០។ ខណៈ​នេះ ពួក​អាវក្រហម​កំពុង​រង់ចំា​មើល​ពី​ការ​សម្រេច​របស់​តុលាការ​ក្នុង​ការ​ ជំនំជម្រះក្តី​លើ​ក្រុមអាវលឿង​វិញ​ម្តង៕ដោយ គួច គន្ធារ៉ា​(RFI)

Related Articles

Back to top button
Close
Close