អនុ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ទស្សនកិច្ច​ក្រុង​ប៉េកាំង​

នៅ​ថ្ងៃ​ចន្ទ​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក​ Akitaka Saiki ​បាន​បំពេញ​ទស្សនកិច្ច​​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន រយៈ​ពេល​ពីរ​ថ្ងៃ ក្នុង​ទិសដៅ​ធ្វើ​អោយ​ទំនាក់ទំនង​រវាង​ជប៉ុន​និង​ចិន​ ឈាន​ទៅ​រក​ភាព​​កក់ក្តៅ​ឡើងវិញ។ ទស្សនកិច្ច​របស់​អ្នកការទូត​ជប៉ុន​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​​​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ស្នើ​ធ្វើ​ជំនួប​កំពូល​មួយ ​ជាមួយ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

បន្ទាប់​ពី​បាន​ធ្វើ​​​សំណើ​ជំនួប​កំពូលជាមួយ​រដ្ឋាភិបាល​ចិន ​នៅថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូន​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​​ គឺ​លោក​ Akitaka Saiki អោយ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ រយៈ​ពេល​ពីរ​ថ្ងៃ ដើម្បី​ធ្វើ​​អោយ​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន ឈាន​ទៅ​រក​​ភាព​កក់ក្តៅ​​​ឡើងវិញ។ លោក​ Akitaka Saiki ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ លោក​ Zhang Yesui អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន។

គួរ​រំលឹក​ថា ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ដុនដាប​ខ្លាំង​បំផុត ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ ២០១២ មក​ នៅ​ពេល​ដែល​ជប៉ុន​បាន​ទិញ​យក​កោះ​ជាច្រើន នៅ​តំបន់​ប្រជុំកោះ​សេនកាគូ​ ដាក់​អោយ​ក្លាយ​ជា​កម្មសិទ្ធិ​ជាតិ​ខ្លួន។ ប្រជុំ​កោះ​សេន​កាគូ​ ស្ថិត​​នៅ​សមុទ្រ​ចិន​ខាង​កើត ជា​ដែន​ជម្លោះ​រវាង​ចិន​និង​ជប៉ុន។​ បន្ទាប់​ពី​នោះ​មក ប្រជាជន​ចិន​មាន​ការ​ក្តៅក្រហាយ​ បាន​បង្ក​បាតុកម្ម​ហិង្សា​រយៈ​ពេល​មួយសប្តាហ៍ នៅ​តាម​បណ្តា​ក្រុង​ជាច្រើន។ ក្រុង​ប៉េកាំង​​ក៏​បាន​លុបចោលផងដែរ​​ នូវ​​ពិធីបុណ្យ​​ខួប​៤០​ឆ្នាំ​ រំលឹក​​ការ​ដែល​​​ទំនាក់ទំនង​ចិន​​និង​ជប៉ុន បាន​ទៅ​រក​ភាព​ដូចដើម​វិញ។ ដោយឡែក​ ​នៅ​ជប៉ុន​ឯណោះ​វិញ នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ធ្វើការ​​បង្កើន​ថវិកា​យោធា ហើយកាលពី​ខែ​មេសា​មុន​ ​បាន​ព្រមាន​ថា ក្នុង​ករណី​ចាំបាច់ ជប៉ុន​នឹង​ប្រើ​កម្លាំងបាយ​​​​​តបត​​​នឹង​នាវា​ចិន​ដែល​ចូល​មក​ដែនកោះ​ សេនកាគូ​នេះ។

ប៉ុន្តែ កាលពី​ចុង​សប្តាហ៍​មុន​​ នៅពេល​ដែល​លោក​ Shinzo Abe ​ទស្សនកិច្ច​​នៅ​​អាស៊ីអគ្នេយ៍ ដែល​ជា​​តំបន់​​រងនូវ​ឥទ្ធិពល​សេដ្ឋកិច្ច​ចិននោះ​​ លោកហាក់​បាន​ប្តូរ​ឥរិយាបថ​​​​មក​វិញ។ លោក​ អាបេ ​បាន​​ស្នើ​ធ្វើ​ជំនួប​កំពូល​មួយ​ជាមួយ​​ក្រុងប៉េកាំង​ ដោយ​មិន​ចាំបាច់​មាន​លក្ខខណ្ឌ​បឋម​អ្វី​នោះ​ឡើយ។ ​ចិន​ក៏​បានឆ្លើយ​​តប​​វិញ​ថា ខ្លួន​បើកចំហរ​កិច្ច​ចរចាជានិច្ច​ តែ​បាន​សង្កត់​ថា ​បញ្ហា​គឺ​ដោយ​សារ​តែ​ជប៉ុន​មិនហ៊ាន​ប្រឈម​មុខ​​ក្នុង​​​ការ​ដោះស្រាយ​ ប៉ុណ្ណោះ។

យោងតាម​​​​លោក Isao Iijima ជា​ទីប្រឹក្សា​​លោក អាបេ មួយ​រូប ដែល​បាន​ជួប​ជាមួយ​អ្នកជិតដិត នានា​​​របស់​ប្រធានាធិបតី​ចិន ជំនួប​កំពូល​​​ដែល​លោក​អាបេ​បាន​ស្នើ​ទៅ​ចិន អាច​នឹង​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទោះ​យ៉ាងនេះ​ក្តី គេ​នៅ​ខ្លាច​ថា​ ប្រទេស​ទាំង​ពីរ​អាច​នឹង​ប៉ះទង្គិច​គ្នា​សារ​ជាថ្មី ព្រោះ​ថា​កាលពី​ថ្ងៃ​សុក្រ​​មុន នាវា​​យាម​ឆ្នេរ​សមុទ្រ​ចិន​ចំនួន​បួន​ បាន​​​ចូល​មក​កាន់​តំបន់​កោះ​ជម្លោះ​។​​​ ​ហេតុការណ៍​នេះ​​អាច​​​ធ្វើ​អោយ​មាន​ការ​ប៉ះទង្គិច​ផ្នែក​យោធា​ នៅ​គ្រប់​ពេល​វេលា​ទាំងអស់៕​ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close