បម្រាមមិនឲ្យវិទ្យុបរទេសជាខេមរភាសាផ្សាយបន្តមកកាន់វិទ្យុក្នុងស្រុក ត្រូវបានលុបចោល
Cambodia News
ភ្នំពេញ៖ ទីបំផុតទៅ បម្រាមដែលក្រសួងព័ត៌មានបានហាមកាលពីដើមសប្តាហ៍នេះ ដោយមិនឲ្យវិទ្យុ FM ក្នុងស្រុកធ្វើការផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសាត្រូវបាន លុបចោលហើយ។
ជាមួយនឹងដំណឹងនៃការលុបចោលបម្រាម ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យនេះ វិទ្យុបរទេសជាខេមរភាសាដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរីជាដើម ត្រូវគេលឺការផ្សាយឡើងវិញពីវិទ្យុ FM ក្នុងស្រុកមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តខ្លះ។
សេចក្តីប្រកាសព័ត៌មានបានសរសេរថា «យោងតាមសំណូមពរសុំឲ្យក្រសួងព័ត៌មានអនុញ្ញាតឲ្យមានការចាក់ផ្សាយ ឡើងវិញនូវការផ្សាយបន្តរបស់វិទ្យុបរទេសជាខេមរភាសាតាមរយៈ វិទ្យុអេហ្វអឹមក្នុងស្រុក ក្រសួងព័ត៌មានសម្រេចអនុញ្ញាតឲ្យវិទ្យុអេហ្វអឹមទាំងអស់ដែលជួលម៉ោង ផ្សាយបន្តឲ្យស្ថានីយវិទ្យុបរទេសបន្តការផ្សព្វផ្សាយតាមធម្មតាដូច ដើមឡើងវិញចាប់ពីពេលនេះតទៅ»។
គួររំលឹកដែរថា កាលពីដើមសប្តាហ៍នេះ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំមួយដែលចុះហត្ថលេខាដោយលោក អ៊ុក ប្រាថ្នា ហាមប្រាមមិនឲ្យស្ថានីយ៍វិទ្យុ FM ក្នុងស្រុកទាំងអស់ធ្វើការផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសា ក្នុងរយៈពេល៣១ថ្ងៃកំឡុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ដោយហេតុផលថា ដើម្បីភាពអព្យាក្រឹតក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការ បោះឆ្នោតជូនអ្នកបោះឆ្នោត៕