ជនបរទេស៣នាក់ ត្រូវបានចាប់ខ្លួនពីបទ ធ្វើទារុណកម្ម កាត់មេដៃជនជាតិខ្មែរម្នាក់
Camb0dia News
ព្រះសីហនុ៖ ជនបរទេស៣នាក់ ដែលក្នុងនោះមានជនជាតិរុស្ស៊ី និង អ៊ុយក្រែន ត្រូវបាននគរបាលក្រុងព្រះសីហនុ ចាប់ឃុំខ្លួនកាលពីថ្ងៃទី ១៨ មិថុនា កន្លងទៅ ពីបទថា បានចាប់បង្ខាំង ធ្វើទារុណកម្ម កាត់មេដៃបុរសជនជាតិខ្មែរម្នាក់ ដែលសង្ស័យថា ប៉ងចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះរបស់ពួកគេ ។
លោក ម៉ែន មុន្នី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ឈ្មោះ មុំ រិទ្ធ ភេទប្រុស អាយុ ២៧ ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ ៣ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានចាប់បង្ខាំងដោយបុរសជនជាតិអ៊ុយក្រែន ឈ្មោះ Sandarow Vadym អាយុ ៣៣ ឆ្នាំ និង គ្នីគ្នាជនជាតិរុស្ស៊ីរបស់គេ២នាក់ទៀត នៅក្នុងក្រុម ៤០ ភូមិ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ដោយសង្ស័យថា បុរសជនជាតិខ្មែររូបនោះ ប៉ងចូលលួចទ្រព្យសម្បត្តិរបស់ពួកគេ ។
មុំ រិទ្ធ ត្រូវបានជនបរទេសទាំងនោះ អូសយកទៅចងក្រៀកនៅកៀនផ្ទះ វាយធ្វើបាប យកកំណាត់បំពង់ទីបពណ៌ខៀវដាក់ ឲ្យខាំក្នុងមាត់រួចចងរិតទៅក្រោយ ហើយបានយកកន្ត្រៃកាត់ដែក កាត់មេដៃជនរងគ្រោះ ។
ក្រោយមកដោយមានប្រជាពលរដ្ឋ លបមើលឃើញទើបរាយការណ៏ឲ្យនគរបាល ចូលទៅឆែកឆេរ រំដោះជនរងគ្រោះ និងចាប់ឃុំខ្លួនជនបរទេសទាំង៣នាក់នោះ ដើម្បីធ្វើការដោះ ស្រាយតាមនីតិវិធី ៕