ភ្នាក់ងារ NSA អះអាងថា កម្មវិធីតាមដានស្តាប់ទូរស័ព្ទ សំខាន់ក្នុងការទប់ស្កាត់ ភេរវកម្ម
ដើម្បីទប់ស្កាត់បាននូវ ការប៉ុនប៉ងភេរវកម្ម ឱ្យបានទាន់ពេល និងគ្រប់ ទីកន្លែង សហរដ្ឋអាមេរិក បានប្រើប្រាស់កម្មវិធី សង្កេត មួយសម្រាប់តាមដានការប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ។ សម្រាប់កម្មវិធី ភ្នាក់ងារសន្តិសុខជាតិ បានពន្យល់ថា កម្មវិធីតាមដាននេះ មានទួនាទីសំខាន់ណាស់សម្រាប់ សន្តិសុខជាតិ។
ដោយសារតែកម្មវិធី តាមដានការស្តាប់ទូរស័ព្ទ បានធ្វើឱ្យសហរដ្ឋអាមេរិក ទប់ស្កាត់ការប៉ុនប៉ង ភេរវកម្ម បានប្រមាណ៥០ករណី បន្ទាប់ពីព្រឹត្តការណ៍ ថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ កន្លងមក។ នេះបើតាមការអះអាងរបស់លោក Keit Alexander ប្រធានភ្នាក់ងារសន្តិសុខ ជាតិ អាមេរិក នៅមុខសភាទាំងពីរថ្នាក់ កាលពីថ្ងៃអង្គារទី១៨ មិថុនា ២០១៣។
លោកបានបញ្ជាក់បន្ថែមថាកម្មវិធីខាងលើ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានា សន្តិសុខជាតិអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ដែលមានប្រមាណជាង២០ប្រទេស។ ដោយក្នុងនោះលោក បានលើក លើកឡើងថា មានការប៉ុនប៉ង ១០ ករណី បានកើតនៅលើទឹកដីអាមេរិក ក្នុងចំណោម ៥០ករណី នៅក្នុងពិភពលោក ដែលគេបានទប់ស្កាត់ទាន់ពេលវេលា។
លោក ក៏បានសង្កត់ធ្ងន់ដែរថា Edward Snowden អតីត មន្រ្តី បម្រើការឱ្យ ភ្នាក់ងារ C I A និង ភ្នាក់ងារ សន្តិសុខ ជាតិ ហៅកាត់ថា NSA ជាអ្នកដែលបានធ្វើឱ្យការងារសម្ងាត់ទាក់ទងនឹងកម្មវិធីនេះបែកធ្លាយ ជាសាធារណៈ។ បច្ចុប្បន្ន បុរសរូបនេះបានភៀសខ្លួនទៅទីក្រុង ហុងកុង តាំងពីថ្ងៃទី២០ ឧសភា។
ឆ្លើយនៅចំពោះមុខសភាទាំងពីរថ្នាក់ និងមន្ត្រីដែល ធ្វើការងារទាក់ទងមួយចំនួន ប្រធានភ្នាក់ងារ NSA បានបំភ្លឺថា ចាប់តាំងពីឆ្នាំ២០០១ មកព័ត៌មានភាគច្រើនត្រូវបានគេលាក់ជាការសម្ងាត់ល្អណាស់ដោយមិន មានបញ្ចេញជាសារធារណៈឡើយ។
លោក បន្ថែម ដោយលើកជាឧទាហរណ៍ ដូច គម្រោងវាយប្រហារទៅលើស្នាក់ការទីផ្សារភាគហ៊ុន នៅទីក្រុង ញ៉ូវយ៉ក របស់ក្រុមភេរវករ អាល់កៃដា។ តាមរយៈកម្មវិធីនេះ បានជួយឱ្យ FBI រកចាប់មុខសញ្ញារបានសម្រេច។
លោកបាន បញ្ជាក់ការពារកម្មវិធីខាងលើថា ជាកម្មវិធី ដែលស្របច្បាប់ ព្រោះវា ត្រូវបានគ្រប់គ្រង ដោយផ្ទាល់ពីសំណាក់ សភាទាំងពីរថ្នាក់ផ្ទាល់។ ថ្មីត្បិត វាបានធ្វើឱ្យបានការ ប៉ះពាល់ ដល់ជីវិតឯកជនពលរដ្ឋមួយចំនួនក៏ពិតមែន។
បើតាម ការស្ទង់មតិមួយ ក្នុងការសែត USA Today កាលពីដើម្បីសប្តាហ៍នេះ បានបង្ហាញថា ប្រជាជនអាមរិក ៤៨%យល់ព្រមឱ្យមានការប្រើប្រាស់កម្មវិធីខាងលើ និង៤៧%មិនយល់ស្រប៕ដោយ ជា ប៊ុនធឿន (RFI)