មេដឹកនាំចិនបោសសម្អាតមន្រ្ដីបក្សធ្វើខុស
លោក Xi Jinping ប្រធានរដ្ឋចិននឹងប្រកាសឲ្យដឹងអំពីយុទ្ធនាការបោសសម្អាតហ្មត់ចត់ មួយនៅក្នុងរង្វង់គណបក្សកុម្មុយនីស្ដចិនដែលកំពុងកាន់អំណាច។
ទីភ្នាក់ ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា ការធ្វើយុទ្ធនាការបោសសម្អាតរយៈពេល១ឆ្នាំខាងមុខនេះ នឹងផ្ដោតគោលដៅទៅលើអ្វីដែលគេពិពណ៌នាថា ជាបែបបទធ្វើការងារដែលមិនល្អ រួមទាំងការចាយវាយហួសកម្រិត និងបញ្ហាខ្វះការពិតជាក់ស្ដែង។
យុទ្ធនាការថ្នាក់ខ្ពស់មួយដែល មានលក្ខណៈទូលំទូលាយជាងនេះប្រឆាំងនឹងចំណាយហួសកម្រិតរបស់ រដ្ឋាភិបាល និងបញ្ហាពុករលួយ ត្រូវបានប្រកាសចេញកាលពីខែវិច្ឆិកាឆ្នាំទៅមិញ ក្រោយពេលលោកប្រធានរដ្ឋចិន Xi Jinping ទើបបានឡើងកាន់តំណែងភ្លាម។
ទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរាយការណ៍ថា ក្រុមមន្រ្ដីជាន់ខ្ពស់បក្សបានសម្រេចចិត្ដកាលពីខែមេសាដើម្បី ដាក់ចេញនូវយុទ្ធនាការឆាប់ៗនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងសមាជិកគណបក្ស និងសាធារណជន។
យុទ្ធនាការ នេះ នឹងតម្រូវឲ្យមន្រ្ដីបក្សដែលមានឋានៈចាប់ពីស្រុកឡើងទៅ ធ្វើការពិចារណាលើការអនុវត្ដរបស់ខ្លួន ហើយកែតម្រូវកំហុសឆ្គងណាមួយដែលបានធ្វើ៕ (Radio Australia)