ចិនបើកសវនាការ រឿងពុករលួយរបស់អតីតរដ្ឋមន្រ្តីក្រសួងផ្លូវដែក
សំណុំរឿងកេងប្រវ័ញ្ចប្រាក់ និងរឿងអាស្រូវជាច្រើនទៀត របស់អតីតរដ្ឋមន្រ្តីក្រសួងផ្លូវដែកចិន ត្រូវបានគេបើកសវនាការ កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា នៅតុលាការទីក្រុងប៉េកាំង។ នេះជាលើកទីមួយ របស់អណត្តលោក ស៊ី ជីនពីង(Xi Jinping) ដែលចិនចាប់ផ្តើមបើកសវនាការជំនុំជំរះ ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាល ទាក់ទងអំពើពុករលួយ។
លោក លាវ ជីជីន (Liu Zhijun) អាយុ៦០ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទទទួលសំណូក និងប្រើអំណាចខុសច្បាប់ នៅក្នុងរយះពេលដែលលោក ធ្វើជារដ្ឋមន្រ្តីផ្លូវដែក ពីឆ្នាំ១៩៨៦ដល់ឆ្នាំ២០១១។ លោក នឹងអាចទទួលទោសប្រហារជីវិត ឬជាប់ទោសធ្ងន់ធ្ងរពីបទឧក្រិដ្ឋ។ សាលក្រមសម្រេចទោស នឹងចេញនៅប៉ុន្មានថ្ងៃ ខាងមុខនេះ។
ដោយសាររឿងអាស្រូវពុករលួយនេះ លោកត្រូវបានគេដកចេញពីតំណែងជាមន្រ្តីជាន់ខ្ពស់ នៅក្នុងបក្សកុម្មុយនិស្តចិន នាដើមឆ្នាំ ២០១១។ ក្រោយមកលោក លាវ ត្រូវ បានចោទពីបទកេងបន្លំប្រាក់រដ្ឋ ជាង ៦៥លានយ័ន ស្មើប្រមាណ១០លាន ដុល្លាអាមេរិក។ នេះបើតាម ទីភ្នាក់ងារព័ត៌មានចិនថ្មី។
គេក៏បានស្តីបន្ទោស លោកផងដែរ ដោយលោកបានជួយសម្រួល និងយោគយល់មនុស្ស ចំនួន១១នាក់ឲ្យបាន ទទួលប្រយោជន៍ពីការចុះកិច្ចសន្យាវិនិយោគនានាលើវិស័យផ្លូវដែក។ ទង្វើររបស់លោក លាវ ជីជីន បានធ្វើ ឲ្យក្រសួង ផ្លូវដែករបស់ចិនបាក់មុខបាក់មាត់ ដល់ក្រសួងនេះត្រូវបានគេបិទ។ វិស័យផ្លូវដែកចិន ក៏ត្រូវបានទទួលរងនូវ ការបាត់បង់សេចក្តីទុកចិត្តជាច្រើន ពីសំណាក់អ្នកនៅក្នុងស្រុក ក៏ដូចជាអន្តរជាតិ។
នៅក្នុងទូរទស្សន៍រដ្ឋចិន គេឃើញរូបភាពដ៏ស្គមស្គាំងរបស់ អតីតរដ្ឋមន្រ្តីរូបនេះ ឈរក្នុងសវនាការ នៅទីក្រុងប៉េកាំង។ សវនាការខាងលើនេះ មិនត្រូវបានគេប្រកាស ជាសំហរនោះទេ។ ចំពោះសាធារណៈជនដែលចង់ចូលរួមសាវនាការនោះទៀតសោត ត្រូវបានគេជ្រើសរើសទុកជាមុនរួចស្រេច។
បន្ទាប់ពីត្រូវដកចេញពីតំណែង លោក លាវ ជីជីន ត្រូវបានមហាជនចិនថ្កោលទោសថា ជាអ្នកទទួលខុសត្រូវធំបំផុត ក្នុងគ្រោះថ្នាក់រថភ្លើងពីរបុកគ្នា ដែលបានសម្លាប់មនុស្ស៤០នាក់ កាលពីខែកក្កដា ឆ្នាំ២០១១។ ដោយនេះ ជាសោកនាដកម្មធំជាងគេបំផុត គិតចាប់តាំងពីឆ្នាំ២០០៨ មកនៅប្រទេសចិន។
គួររម្លឹកផងដែរថា ចាប់តាំងពីចូលកាន់តំណែងកាល ពីខែ មីនា ឆ្នាំ២០១៣មក ថ្នាក់ដឹកនាំចិនថ្មី គឺលោក ស៊ី ជិនពីង បានសន្យា ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឲ្យមានប្រសិទ្ធិភាពបំផុត ជាពិសេសក្នុងជួររដ្ឋាភិបាល៕(RFI)