អតីតទីប្រឹក្សាលោកស្រី អ៊ោងសាន ស៊ូជី និងអ្នកទោសសរុបជាង ៦ ពាន់នាក់ ត្រូវដោះលែងឲ្យមានសេរីភាព
សារព័ត៌មាន Cambodia News/
ណៃពិដោ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសដោះលែងអ្នកទោសជាង ៦,០០០ នាក់ ដោយក្នុងនោះរួមមាន លោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សាប្រជាធិបតេយ្យរបស់លោកស្រី អ៊ោងសាន ស៊ូជី ផងដែរ។
លោក សន ធឺនែល ធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតរដ្ឋាភិបាលលោកស្រី អោង សានស៊ូជី ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ ក្រោយមានរដ្ឋប្រហារយោធាកាលពី ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ លោក និងលោកស្រី ស៊ូជី ត្រូវបានកាត់ទោសដោយតុលាការរបបសឹកពីបទបំពានច្បាប់រក្សាការសម្ងាត់ជាតិ ឱ្យជាប់ ពន្ធនាគារម្នាក់ ៣ឆ្នាំ។
យោងតាមសារព័ត៌មាន BBC របស់មីយ៉ាន់ម៉ា បានរាយការណ៍ថា ក្នុងនោះលោកស្រី Vicky Bowman អតីតបេសកជនអង់គ្លេស និងលោក Toru Kubota អ្នកសារព័ត៌មានជប៉ុន ក៏ស្ថិតក្នុងចំណោមអ្នកត្រូវបានដោះលែងផងដែរ ដើម្បីអបអរថ្ងៃបុណ្យជាតិ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពចលាចលនយោបាយ ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុន ៕