ទាហាន​បារាំង​ត្រូវ​ជនមិនស្គាល់​មុខ​លួច​ចាក់ក ក្នុង​ពេល​ដើរ​ល្បាត

បន្ទាប់​ពី​ទាហាន​អង់គ្លេស ទាហាន​បារាំង បាន​ធ្លាក់ខ្លួន​រងគ្រោះ​ដោយ​ការប៉ុនប៉ង​សម្លាប់​របស់​ជនមិន​ស្គាល់មុខ។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ជនមិនស្គាល់​មុខ​ម្នាក់​បាន​លួច​ចាក់ ក ទាហាន ប្រឆាំង​អំពើភេរវកម្ម​ម្នាក់ ដែល​កំពុង​ដើរ​ល្បាត នៅក្នុង​ស្ថានីយ៍​រថភ្លើង ដ៏​រវល់ មួយ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​របស់​ក្រុង​ប៉ារីស។

តាមរដ្ឋអាជ្ញា ​បារាំង ជនមិនស្គាល់មុខ​បាន​លួច​ចាក់ពីក្រោយ លើ​ក​ទាហាន​ល្បាត​បារាំង មុន​នឹង​រត់គេច​ខ្លួន បន្លំ​ចូល​ក្នុង​ហ្វូងមនុស្ស​ដ៏​កុះករ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ ទាហាន​ម្នាក់នោះ​បាន​រងរបួស​ដាច់​សាច់ ប៉ុន្តែ មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ បន្ទាប់ពី​ត្រូវ​បាន​ក្រុម​ជួយសង្រ្គោះ​អន្តរាគម​ភ្លាមៗ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យោធា ក្បែរនោះ។

នៅព្រឹកនេះ ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ រដ្ឋអាជ្ញា​បារាំង​បាន​បើក​ការស៊ើប​អង្កេត ជា​បន្ទាន់។ បើតាម​រូបភាព​របស់​កាម៉េរ៉ា​វីដេអូ តួ្រតពិនិត្យ ដែល​គេ​ដាក់​នៅក្នុង​ស្ថានីយ៍​រថភ្លើង ជនសង្ស័យ​ជាមនុស្ស​មាឌធំ មាន​ពុកមាត់។ ជនសង្ស័យ​បាន​ដោះ​បោះចោល​រ៉ូប​បែប​អ៊ីស្លាម របស់ខ្លួន និង​រត់គេច ទៅបន្លំ​ខ្លួន​ក្នុង​ហ្វូងមនុស្ស។

ជាមួយ ​នឹង​ទាហាន​ពីរនាក់​ផ្សេងទៀត នាយទាហាន​Cedric Cordier អាយុ ២៣​ឆ្នាំ ត្រូវ​ជន​មិនស្គាល់មុខ​លួចចាក់ ក្នុង​ពេល​បំពេញ​​ការងារ​ល្បាត​របស់ខ្លួន ជា​ប្រចាំ ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​ប្រឆាំង​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស។ សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង លោក​Jean Yves Le Drian នាយទាហាន​បារាំង​ត្រូវ​គេចាក់​សម្លាប់ ដោយសារ​តែ​ការងារ​ជា​ទាហាន​របស់ខ្លួន។

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បារាំង​វិញ មាន​ប្រតិកម្ម​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​មិនទាន់​ហ៊ាន​ភ្ជាប់​ការវាយប្រហារ​ទៅលើ​ទាហាន​បារាំង​លើកនេះ ទៅនឹង​ករណី​កាប់សម្លាប់​ទាហាន​អង់គ្លេស ដែល​បង្កឡើង​ដោយ​ជន​អ៊ីស្លាម​ជ្រុលនិយម​ពីរនាក់​​ក្នុង​ទីក្រុង​ឡុងដ៍ កាល​ពី​ដើម​សប្តាហ៍នេះ។

ហេតុការណ៍​លើកនេះ ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​យុវជន​អ៊ីស្លាម​ជ្រុលនិយម​Mohamed Merah ដែល​ ក្នុង​នាមពួកអ៊ីស្លាម​ជ្រុលនិយម​Jihad បាន​សម្លាប់​ទាហាន​បារាំង​បីនាក់ នៅ​ខេត្ត​Toulouse។ មាន​ការបារម្ភ​ ​ដែល​ថា យុវជន មួយចំនួន បានលុងជឿ​មនោគមវិជ្ជា​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម និង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អាជ្ញាធរ ក្នុង​បុព្វហេតុ​អ្នក​កាន់សាសនា​អ៊ីស្លាម ដែល​បើតាម​ពួកគេ កំពុង​រងគ្រោះ​ដោយ​វត្តមាន​ទាហាន​របស់​ក្រុមប្រទេស​លោកខាងលិច។

ជនល្មើស ប្រភេទ​Mohamed Merah ឬ​ក៏​ជនដៃដល់​សម្លាប់​ទាហាន​អង់គ្លេស​នេះ អាច​ធ្វើ​សកម្មភាព​ដោយ​ចំណង់​ចិត្ត​ខ្លួនឯង ដោយ​គ្មាន​ពាក់ព័ន្ធ ឬ​បាន​ទទួល​ចំណាត់តាំង​បញ្ជា​ពី​បណ្តាញ​ក្រុមភេរវកម្ម​ណា​មួយទេ ដែល​ភាសា​បារាំង​ហៅថា les loups solitaires៕ដោយ ឈាង បុប្ផា​(RFI)

Related Articles

Back to top button
Close
Close