ស្រ្តីម្នាក់ត្រូវប្តីចាក់សាំងដុតទាំងរស់
Cambodia News
កំពង់ចាម៖ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ ខែឧសភា នៅចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្ត្រីម្នាក់ត្រូវបានប្តីចាក់សាំងដុតទាំងរស់ ក្រោយពីមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ក្រោយពីជនរងគ្រោះរត់ទៅផ្ទះម្តាយបង្កើតរបស់ខ្លួនឲ្យជួយអន្តរាគមន៍ដឹក យកមកសង្គ្រោះភ្លាមៗ។
បើតាមសម្តីសាច់ញាតិ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឡៃ រឿន អាយុ ៣០ឆ្នាំ មុខរបរលក់បង្អែម និងគ្រឿងម្ជូរ ស្នាក់នៅភូមិកើតហេតុខាងលើ។ រីឯប្តីដែលជាជនសង្ស័យមានឈ្មោះ យ័ន ស្នា អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅជាមួយគ្នា ភ្លាមៗ ខណៈដែលប្ដីកំណាចរូបនេះជិះម៉ូតូគេចខ្លួនបាត់ ។
ប្រភពព័ត៌មាន ពីសាច់ញាតិដដែលបន្តថា មុនកើតហេតុ ស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ ក្រោយពីលក់ដូររួច ខណៈនោះប្តីរបស់ស្ត្រីរងគ្រោះមិនដឹងជាគាត់មកពីណាទេ ដូចជាស្រវឹងស្រា ហើយបានរករឿងឈ្លោះជាមួយប្រពន្ធយ៉ាងខ្លាំង មិនដឹងរឿងអ្វីទេ បានដេញឲ្យប្រពន្ធទៅផ្ទះម្តាយរបស់ខ្លួនវិញ។ ភ្លាមនោះប្តីចិត្តកំណាចបានច្រានប្រពន្ធទៅលើគ្រែ រួចយកសាំងចាក់ដុតប្រពន្ធទាំងរស់តែម្តង ។ ក្រោយពីមានភ្លើងឆាបឆេះ ស្ត្រីរងគ្រោះបានដោះសម្លៀកបំពាក់ចេញអស់ រត់ទាំងខ្លួនអាក្រាតតម្រង់ទៅផ្ទះម្តាយបង្កើតឲ្យជួយពន្លត់ភ្លើងដែល ឆេះខ្លួន ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ជនរងគ្រោះបានរងរបួសរលាកត្រឹមក្បាលពោះចុះមកក្រោម មានសភាពធ្ងន់ធ្ងរ ៕