ចិនទទួលមេដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅសប្តាហ៍ក្រោយ
ក្រុងប៉េកាំងនឹងបើកទ្វារទទួល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន នេតានីយ៉ាហ៊ូ និងប្រធានរដ្ឋអំណាចប៉ាឡេស្ទីន លោក ម៉ាមូឌ អាបាស ដែលមកបំពេញទស្សនកិច្ច នៅសប្តាហ៍ក្រោយនេះ។ ទស្សនកិច្ចរបស់មេដឹកនាំទាំងពីររូបនេះ ធ្វើឡើងចំពេលដែលប្រទេសចិនកំពុងតែមានគោលដៅពង្រីកតួនាទីខ្លួននៅ ដើមបូព៌ា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតានីយ៉ាហ៊ូ នឹងមកដល់ក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃចន្ទខាងមុខនេះ។ ទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់មេដឹកនាំអ៊ីស្រាអែលមានគោលដៅពង្រីក ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអ៊ីស្រាអែល។ ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរនេះ បើគិតជាទឹកប្រាក់ គឺមានដល់ទៅ ១០ពាន់លានដុល្លារឯណោះ។ ក្នុងទស្សនកិច្ចរបស់លោក នេតានីយ៉ាហ៊ូ នឹងមានការចុះកិច្ចសន្យាលើផ្នែកកសិកម្ម និងការប្រើប្រាស់ទឹក។
នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតានីយ៉ាហ៊ូ មកបំពេញទស្សនកិច្ចនៅចិន។ ទស្សនកិច្ចរបស់មេដឹកនាំអ៊ីស្រាអែលចុងក្រោយគេគឺជាទស្សនកិច្ចរបស់លោក Ehud Olmert បានធ្វើឡើងនៅឆ្នាំ២០០៧។ គេរំពឹងថា មេដឹកនាំអ៊ីស្រាអែលនិងចិនក៏នឹងលើកយកបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់មក ពិភាក្សាគ្នាផងដែរ។
គួររំលឹកថា ចិនជាប្រទេសទីមួយដែលនាំប្រេងអ៊ីរ៉ង់ចូលក្នុងស្រុក។ នៅអង្គការសហប្រជាជាតិ ចិនបានបដិសេធមិនដាក់ទណ្ឌកម្មបែបយ៉ាងដូចជាទណ្ឌកម្មដែល បណ្តាបស្ចិមប្រទេសបានដាក់ទៅលើអ៊ីរ៉ង់។ ដោយឡែក អ៊ីស្រាអែលបានដាក់កំហិតដល់អ៊ីរ៉ង់ធ្វើយ៉ាងណាបញ្ឍប់សកម្មភាព ពង្រីកធាតុអ៊ុយរ៉ាញុំអោយបាន នៅរដូវក្តៅ ឆ្នាំ២០០១៣នេះ។ ក្នុងទំនាក់ទំនងខ្លួនជាមួយអ៊ីស្រាអែល ក្រុងប៉េកាំងសង្ឃឹមថានឹងអាចបន្ថយឥទ្ធិពលរបស់អាមេរិកទៅលើ អ៊ីស្រាអែលបានខ្លះ។
ទាក់ទងនឹងទស្សនកិច្ចរបស់មេដឹកនាំដើមបូព៌ាទាំងពីររូបនៅចិន គេនៅមិនទាន់ដឹងនៅឡើយទេថា តើលោក នេតានីយ៉ាហ៊ូ និងជួបគ្នាជាមួយលោកអាបាសដែររឺក៏យ៉ាងណា។ ក្រសួងការបរ ទេសចិនបានប្រាប់ថា រដ្ឋាភិបាលចិនត្រៀមផ្តល់ជំនួយចាំបាច់ប្រសិនបើមេដឹកនាំទាំងពីររូប នេះមានឆន្ទៈជួបចរចាគ្នាពិតមែន។ ចិនមានទំនាក់ទំនងល្អប្រសើរជាមួយប៉ាឡេស្ទីនអស់រយៈពេលច្រើន ទស្សវត្សរមកហើយ។ ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនសង្ឃឹមថា ក្នុងទំនាក់ទំនងជាមួយអ៊ីស្រាអែល មេដឹកនាំចិននឹងឆ្លៀតលើកយកប្រធានបទទាក់ទងនឹងសេដ្ឋកិច្ច ប៉ាឡេស្ទីនដែលកំពុងរាំងស្ទះនៅដើមបូព៌ានោះ មកដោះស្រាយផងដែរ។
លោកអាបាសនឹងថ្លែងប្រាប់មេដឹកនាំចិនអំពីមូលហេតុដែលធ្វើ អោយប៉ាឡេស្ទីនមិនបានឈាន ជើងទៅមុខ ក្នុងការចរចាជាមួយអ៊ីស្រាអែល ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។ មេដឹកនាំប៉ាឡេស្ទីនសង្ឃឹមថា ក្រុងប៉េកាំងនឹងរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពដែល កំពុងតែទ័លច្រកនោះ៕ដោយ ព្រំ សឿន សូលីណា(RFI)