មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចាប់ផ្ដើមគម្រោងកំណែទម្រង់ដីធ្លីនៅកម្ពុជា
នៅថ្ងៃទី២៦ មីនា ២០១២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រកាសចាប់ផ្ដើមគម្រោងថ្មីដែលមានឈ្មោះថា «គម្រោងកំណែទម្រង់ដីធ្លីនៅកម្ពុជា»។ គម្រោងនេះ ទទួលជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប មានគោលបំណងកំណែទម្រង់ក្នុងក្របខ័ណ្ឌច្បាប់ស្ថាប័ន និងគោលនយោបាយជាធរមាន ដែលគ្រប់គ្រងសុវត្ថិភាព និងសិទ្ធិក្នុងការកាន់កាប់ដីធ្លីនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍ បានលើកឡើងថា ការរំលោភយកដីធ្លី ជាទម្រង់រំលោភសិទ្ធិមនុស្សមួយ ដែលលេចធ្លោ និងកើតមានច្រើនជាងគេ នៅកម្ពុជាសព្វថ្ងៃ កំពុងទាមទារឲ្យមានពហុយុទ្ធសាស្ដ្រ ហើយនិងរួមបញ្ចូលកិច្ចពិភាក្សាតុមូលរវាងអ្នកការពារសិទ្ធិមនុស្ស អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានា ដែលធ្វើការក្នុងវិស័យដីធ្លី ដើម្បីតាក់តែងនូវអនុសាសន៍នានា ក្នុងកំណែទម្រង់ដីធ្លីនេះ។
មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី នៅកម្ពុជា របស់ ម.ស.ម.ក លោក អ៊ូច ឡេង បាននិយាយថា មានករណីទំនាស់ដីធ្លី ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិជាច្រើន ដែលទាមទារនូវដំណោះស្រាយជាបន្ទាន់។
ទោះបីជាមានកង្វះខាតក្នុងការអនុវត្តច្បាប់ដែលមានស្រាប់ និងការមិនបំពេញតួនាទីរបស់ស្ថាប័ននាន ក្នុងកិច្ចការពារសិទ្ធិប្រកបដោយសមធម៌ និងប្រសិទ្ធភាព ដើម្បីអនុវត្តសិទ្ធិសុវត្ថិភាពដីធ្លីនោះ គឺមិនត្រូវកំណត់ឲ្យមានការបែងចែកករណីដោយឡែកៗទាំងនោះទេ តែត្រូវធ្វើជាប្រព័ន្ធ៕