នៅឆ្នាំ២០១៥ វិស័យទេសចរណ៍ កម្ពុជា អាចនឹងកើនឡើងប្រហែលជាង ៧លាននាក់
Cambodia News
ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា អាចនឹងកើនឡើងប្រហែលជាង ៧លាននាក់ នៅឆ្នាំ២០១៥ ខាងមុខនេះ បើធៀបនិងឆ្នាំ២០១២ វិស័យទេសចរណ៍កម្ពុជា មានការកើនឡើងតែជាង ៣លាន់ នាក់ប៉ុណ្ណោះ ដោយផ្តោតក្នុងនោះមានវិស័យ ១០សំខាន់ៗ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា រវាង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាមួយលោក A.V.Radkov ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី និងជាប្រធានទីភ្នាក់ងារ ទេសចរណ៍នៃសហព័ន្ធរុស្ស៊ី ក្នុងសម័យប្រជុំលើកទី៧ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ នាក្រសួងការបរទេស លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងពីប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងថា កម្ពុជាមានកិច្ចសហប្រតិបត្តិលើវិស័យ ជាច្រើនដូចជា៖ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ ការអប់រំសិក្សាធិការ បច្ចេកវិទ្យា ទេសចរណ៍ និងវិស័យជាច្រើនទៀត។
លោក កុយ គួង ក៏បានបញ្ជាក់ពីអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីទៀតថា «ចំពោះ វិស័យសំខាន់ៗមួយចំនួនខាងលើ ក្នុងនោះក៏បានមានវិស័យកសិឧស្សាហកម្ម ដោយសារកន្លង មកផលិតផលស្រូវរបស់យើងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាលំដាប់ពី ៣ ទៅ ៤ លានតោន ចំពោះស្រូវសម្រាប់តែនាំចេញប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់គឺយើងនៅខ្វះម៉ាស៊ីនកិន ស្រូវនៅឡើយ»។
គួរបញ្ជាក់ថា សម័យប្រជុំលើកទី៧ របស់គណៈកម្មការអន្តរជាតិ កម្ពុជា-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស បានធ្វើឡើងនៅថ្ងៃទី១ និងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំ រយៈពេលពីរថ្ងៃនេះ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងការទូត និងពាណិជ្ជកម្ម-សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ៕