ឌួង ហ្សូរីដា មានស្ត្រីវ័យជិត ៣០ឆ្នាំម្នាក់តាមរំខាន
Cambodia News
ភ្នំពេញ៖ ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់ដែលបានងប់ងុលរូបសម្រស់និងការសម្តែងរបស់ឌួង ហ្សូរីដា តែងតែងទូរស័ព្ទមករំខានតារារូបនេះស្ទើរមិនលោះថ្ងៃ ខណះពេលដែលតារាសម្តែងរូបនេះបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្ត្រីម្នាក់នេះមិនព្រមបញ្ឈប់អំពើមិនគប្បីនេះចោលទេ។
ដោយមើលឃើញថា ស្ត្រីរូបនេះតែងតែទូរស័ព្ទមករំខានស្ទើរមិនដាច់សូរនោះ តារាសម្តែង និងជាពិធីការិនីឯករាជ្យរូបនេះបានចេញមកប្រកាសជាសាធារណះតាមរយះកញ្ចក់ទូរទស្សន៍នៅក្នុងស្រុករាប់រាប់ពីសកម្មភាពរបស់ស្ត្រីរូបនោះមកលើរូបនាង។ ទោះជាយ៉ាងណា ឌួង ហ្សូរីដា បានសម្តែងការត្រែកអរនៅពេលដែលមានអ្នកគាំទ្រនាងបែបនេះ តែនាងមិនពេញចិត្តនៅក្នុងពេលដែលស្ត្រីរូបនេះតែងតែទូរស័ព្ទមកសុំជួបនាងគ្រប់ពេលវេលា ដែលវាធ្វើឲ្យរំខានដល់ជីវិតឯកជនរបស់នាង។
ការរំខានមួយនេះធ្វើឲ្យនាងមិនសូវជាសប្បាយចិត្តឡើយ បើទោះបីជានាងដឹងថា ស្ត្រីរូបនេះបានស្រឡាញ់នឹងចូលចិត្តនាងយ៉ាងងប់ងុលក៍ដោយ ហើយនាងបានព្រមានស្ត្រីម្នាក់នោះឲ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ មុនពេលដែលនាងចាត់វិធានការតាមផ្លូវច្បាប់។
ឌួង ហ៊្សូរីដា បានអះអាងថា ស្ត្រីម្នាក់នោះនាងមិនដែលស្គាល់គ្នាមិនមុនមកទេ តែស្ត្រីនោះបានចូលចិត្តស្រឡាញ់រូបនាងក្នុងនាមនាងជាតារាម្នាក់ ហើយស្ត្រីម្នាក់នោះតែងតែព្យាយាមចង់ជួបផ្ទាល់ជាមួយនាង។នាងនិយាយថា “ស្ត្រីម្នាក់នោះមិនដឹងថា ងប់ងល់អ្វីជាមួយនាងខ្ញុំទេ ដោយក្នុងបន្ទប់របស់គាត់បិតសុទ្ធតែរូបរបស់នាងខ្ញុំ។ក្នុងពេលដែលនាងខ្ញុំនិយាយរឿងគាត់ដាក់នៅតាមកញ្ចក់ទូរទស្សន៍នោះ គាត់ថាខ្ញុំនិយាយឌឺគាត់ ប៉ុន្តែប្រសិនបើគាត់បានលឺសម្លេងនាងខ្ញុំនោះគឺគាត់សប្បាយចិត្ត។គាត់តែងតែទូរស័ព្ទមកចង់និយាយលេងជាមួយនាងខ្ញុំ ប៉ុន្តែនាងខ្ញុំមិនចង់និយាយទូរស័ព្ទអ្វីរញ៉េរញ៉ៃឡើយដោយសារនាងខ្ញុំរវល់ការងារខាងផ្នែកសិល្បះនេះច្រើនស្ទើរដកឃ្លាមិនរួច។
ឌួង ហ្សូរីដា បានបញ្ជាក់ថា មួយរយះចុងក្រោយនេះស្ត្រីម្នាក់នោះកាន់តែងឧស្សាហ៍ទូរស័ព្ទមកនាងជាញឹកញាប់ ហើយពេលដែលទូរស័ព្ទមកមិនជួបនាងស្ត្រីម្នាក់នោះតែងតែជេប្រមាថអ្នកដែលលើកទូរស័ព្ទរបស់នាង តែពេលដែលបានស្តាប់លឺសម្លេងរបស់នាងតែមួយមាត់ស្ត្រីម្នាក់នោះបានស្ងប់ចិត្តទៅវិញដូចត្រូវថ្នាំសន្តំ។ នាងនិយាយថា “ ដោយសារតែចង់ជួបនាងខ្ញុំពេក គាត់បានទូរស័ព្ទចូលស្ទើរគ្រប់លេខខាងផ្នែកជំនួញរបស់នាងខ្ញុំ ហើយមានពេលខ្លះគាត់បានទៅដល់ផ្ទះរបស់នាងខ្ញុំផ្ទាល់តែងម្តង ហើយបានអង្គុយបត់ជើងសុំជួបនាងខ្ញុំ ទោះបីជាប៉ូលិសមកចាប់ក៍គាត់មិនព្រមដែរ។នាងខ្ញុំបានចាប់គាត់ទៅប៉ុស្តិ៍ប៉ូលិសពីរដងរួចមកហើយ តែគាត់មិនជារៀងចាលឡើយគឺនៅតែធ្វើរឿងនេះដដែលៗ”។
ឌួង ហ្សូរីដា បានអះអាងថា ទោះជាយ៉ាងណាប្រសិនបើស្ត្រីម្នាក់នោះនៅតែបន្តធ្វើសកម្មភាពបែបនេះបន្តទៀត នាងអាចនឹងពិភាក្សាជាមួយសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ឌួង ហ្សូរីដា បានបន្ថែមថា ស្ត្រីម្នាក់នោះមានវ័យជិត៣០ឆ្នាំ និងធ្វើការនៅក្នុងរោងចក្រ ហើយកន្លងមកនាងមិនដែលបានជួបមុខស្ត្រីម្នាក់នេះដោយផ្ទាល់នោះទេ តែងម្តាយនិងបុគ្គលិករបស់នាងបានជួបមុខជាមួយស្ត្រីម្នាក់នោះ។ នាងបញ្ជាក់ថា ស្ត្រីម្នាក់នោះហាក់មិនមានបំណងអ្វីអាក្រក់មកលើរូបនាងឡើយ ពោលគឺគ្រាន់តែចង់មកនិយាយលែងជាមួយនាងដោយផ្ទាល់តែប៉ុណ្ណោះ។ រឿងមួយនេះបានកើតឡើងជិត៣ឆ្នាំមកហើយ ហើយស្ត្រីម្នាក់នោះតែងតែផ្លាស់លេខទូរស័ព្ទជាញឹកញាប់។
ទោះជាយ៉ាងណាចំពោះបញ្ហានេះនាងបានប្តឹងប៉ូលិសទុករួចរាល់ហើយ ដើម្បីការពារក្រែងស្ត្រីរូបនេះនៅថ្ងៃណាមួយមានសតិមិនគ្រប់ ហើយបង្កបញ្ហាមកលើរូបនាង តែបើនាងធ្វើខ្លាំងនោះក៍មិនបានផលប្រយោជន៍អ្វីដែរ ហេតុដូច្នេះមានតែអហោសកម្មចំពោះគាត់ទៅចុះ៕ ស.រ