ចៅក្រម​បារាំង​ដែល​ស៊ើបអង្កេត​លើ​សំណុំរឿង​​លោក​សាកូហ្ស៊ី​ទទួល​ការ​គំរាម​សម្លាប់

ចៅក្រម​ស៊ើបអង្កេត នៃ​តុលាការ​បារាំង ដែល​ទទួលបន្ទុក​ស៊ើបអង្កេត និង​បាន​សម្រេច​ចោទប្រកាន់​លើ​រូបលោក​អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី ពីបទ​កេងចំណេញ​លើ​មហាសេដ្ឋី​ចំណាស់​បារាំង បានទទួលរងនូវការ​គំរាម​សម្លាប់។ នេះ បើតាម​ការប្រកាស​របស់​សហជីព​ចៅក្រម​បារាំង នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្តីក្តាំ​នៅ​តុលាការ​របស់​លោក​សាកូហ្ស៊ី កំពុង​តែ​ធ្វើ​ឲ្យ​ផ្ទុះជម្លោះ​យ៉ាងខ្លាំង ក្លា រវាង​ក្រុមមនុស្សជំនិត​របស់​លោក​សាកូហ្ស៊ី និង​ចៅក្រម​ និង​សហជីពចៅ ក្រម​បារាំង។

យោងតាម​សេចក្តីប្រកាស​របស់​សហជីពចៅក្រម​បារាំង ឈ្មោះ​ថា Syndicat de la Magistrature ចៅក្រម​ ដែល​ទទួលបន្ទុក​ស៊ើបអង្កេតលើ​សំណុំរឿង​លោក​សាកូហ្ស៊ី បានទទួល​លិខិតតាមប្រៃសណីយ៍ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មានសរសេរ​គំរាម​ដល់​អាយុជីវិត​ចៅក្រម និង​ដោយ​មាន​​ភ្ជាប់​មក​ជាមួយ​នូវ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ផង។

ចៅក្រម​​ទាំង ៣រូប ដែល​ទទួលបន្ទុក​ស៊ើបអង្កេត និង​ចោទប្រកាន់​លើ​រូបលោក​អតីត​ប្រធានាធិបតី​បារាំង​នេះ មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ទេ ទៅលើ​លិខិត​គំរាម​សម្លាប់​នេះ។ ក៏ប៉ុន្តែ ប្រភព​ដែល​ស្និទ្ធ​នឹង​ចៅក្រម​ទាំងនេះ​បានឲ្យដឹង​ថា តុលាការ​បាន​ស្នើ​ឲ្យ​ប៉ូលិស​​បើក​ធ្វើការ​ស៊ើបអង្កេត ដើម្បី​វែកមុខ​រក​ជន ដែល​ផ្ញើ​សំបុត្រ និង​គ្រាប់កាំភ្លើង​គំរាម​នេះ។

គួររំឭកឡើងវិញ​ថា កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន ចៅក្រម​ស៊ើបសួរ​បារាំង​ចំនួន ៣រូប បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ លើ​រូបលោក នីកូឡា សាកូហ្ស៊ី ពីបទ​កេងចំណេញ (ឬនិយាយ​តាមភាសា​ច្បាប់​ថា រំលោភលើ​ភាពទន់ខ្សោយ) របស់​មហាសេដ្ឋីចំណាស់​បារាំង ដែល​ជា​ប្រធានក្រុមហ៊ុន​ផលិត​​គ្រឿងសម្អាង L’Oréal។ ការចោទប្រកាន់​នេះ ធ្វើឡើង ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​សង្ស័យថា លោក​សាកូហ្ស៊ី ឬ​ក្រុម​អ្នក​ស្និទ្ធ​នឹង​រូបលោក បាន​​ទៅ​បញ្ចុះបញ្ចូល​សុំលុយ​​​ពី​មហាសេដ្ឋីចំណាស់​រូបនេះ ដើម្បី​មក​ចាយវាយ ក្នុង​យុទ្ធ នាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ កាល​ពី​ឆ្នាំ​២០០៧។

មហាសេដ្ឋី​បារាំង​រូបនេះ ត្រូវបាន​​តុលាការ​បារាំង​សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល ទៅតាម​សំណើ​របស់​កូន ដែល​ត្រូវ​ជា​អ្នក​ទទួល​មរតក ក្រោយពី​តុលាការ​បាន​ធ្វើការ​វាយតម្លៃ​ថា គាត់​មាន​វ័យចាស់ជរា ហើយ​មិនមាន​សតិស្មារតី ពេញលេញ ក្នុងការ​ចាត់ចែង​ទ្រព្យសម្បត្តិ​មហាសាល​របស់​គាត់។

ការចោទប្រកាន់​លើ​រូបលោក​នីកូឡា សាកូហ្ស៊ី បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ស្និទ្ធ​នឹង​លោក​សាកូហ្ស៊ី នាំគ្នា​ចេញមុខ​វាយប្រហារ​យ៉ាង​ខ្លាំងៗ​បំផុត​ ទៅលើ​ចៅក្រម​ស៊ើបអង្កេត ដែល​ទទួលបន្ទុក​សំណុំរឿង ដោយ​បាន​ចោទប្រកាន់​ចៅក្រម​នេះ​ថា មាន​ភាព​លម្អៀង។ មេធាវី​របស់​លោក​សាកូហ្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សភាស៊ើបសួរ ដើម្បី​សុំ​ឲ្យ​លុបចោល​ការ​ចោទប្រកាន់​លើ​កូនក្តី​របស់​លោក។

គួរបញ្ជាក់ថា នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​បារាំង បទរំលោភ​លើ​ភាពទន់ខ្សោយ ដែល​តុលាការ​បាន​ចោទប្រកាន់​លើ​រូបលោក​នីកូឡា សាកូហ្ស៊ី នេះ អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៣ឆ្នាំ និង​ពិន័យជាប្រាក់​ ៣៧ម៉ឺន ៥ពាន់​អឺរ៉ូ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close