ក្រុមហ៊ុនប្រេងដ៍ធំរបស់ចិនត្អូញត្អែរអំពីការធ្លាក់ចុះផលចំណេញ
ក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយនៅ អាស៊ី Sinopec រាយការណ៍ថា មូលហេតុនៃការធ្លាក់ចុះផលកម្រៃរបស់ខ្លួនចំនួន ១៣% ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ បណ្ដាលមកពីតម្រូវការទីផ្សារសកលបានថមថយ ជាមួយនឹងបញ្ហាចំណាយខ្ពស់ ហើយសេដ្ឋកិច្ចចិនក៏ជួបនឹងភាពឱនថយផងដែរ។
នៅ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៅកាន់ផ្សារភាគហ៊ុន របស់ហុងកុង Sinopec និយាយថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង១១% មែនចាប់ពីឆ្នាំ២០១១មក ប៉ុន្តែការចំណាយសម្រាប់ប្រតិបត្តិការបានកើនឡើង១២%។ រីឯចំណាយសម្រាប់ការស្រាវជ្រាវរុករកការដ្ឋានប្រេងថ្មីៗទៀតនោះ បានឡើងថ្លៃកប់ពពក គឺ១៦%។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិន មានកំណើនត្រឹមតែក្បែរ៨% ប៉ុណ្ណោះ ក្នុងឆ្នាំ២០១២ ដែលលទ្ធផលយ៉ាប់យ៉ឺនបំផុតក្នុងរយៈ១៣ឆ្នាំកន្លងទៅនេះ។
ប៉ុន្តែទីផ្សារភាគហ៊ុនអូស្ត្រាលីឯនេះវិញ កំពុងសម្បាយនឹងផលចំណេញ។
ទីផ្សារភាគហ៊ុនរបស់ប្រទេសអូស្ត្រាលីកំពុងតែរីករាយជាមួយផលចំណេញគួរជា ទីពេញចិត្ត ដោយភាគហ៊ុនហិរញ្ញវត្ថុ និងឧស្សាហកម្មបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនៅថ្ងៃនេះ។
ចំណែក ឯប្រាក់ដុល្លារអូស្ត្រាលីកាន់តែមានតម្លៃ ដោយក្នុងរយៈពេលថ្មីៗនេះគឺប្រាក់ដុល្លារអូស្ត្រាលី១ដុល្លារស្មើ នឹងប្រាក់ដុល្លារសហរដ្ឋអាម៉េរិក១ដុល្លារ៤សេន៕(Radio Australia)