ជិះម៉ូតូបុកគូទរថយន្តកុងតឺន័រ ស្លាប់ម្នាក់របួសធ្ងន់ ២នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៥០នាទីទាបភ្លឺ ថ្ងៃទី១២ ខែមិនា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងពីរនាក់ទៀត បានរងរបួសធ្ងន់ធ្ងរ។
តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ ភិន ឆែម អាយុ២៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯពីរនាក់ទៀតដែលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ។
មុនពេលកើតហេតុ បុរសអ្នកស្លាប់ម្នាក់ និងអ្នករបួស២នាក់ បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៩ ឡើងតែម២០១១ ធ្វើដំណើររួមគ្នាចេញពីក្លឹបឆ្ពោះទៅលំនៅឋាន ដោយជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ក៏ជ្រុលល្បឿនបុកគូទរថយន្តកុងតឺន័រពីក្រោយ បណ្តាលឲ្យដួលបាក់ក បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយពីរនាក់ទៀតរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តកុងតឺន័របានបើករត់គេចបាត់។
ក្រោយកើតហេតុ ក្រុមគ្រួសារសព បានលើកសពបុរសរងគ្រោះ ទៅធ្វើបុណ្យ តាមទំនៀមទម្លាប់ប្រពៃណី ចំណែកឯអ្នករងរបួស ត្រូរថយន្តសាមុយដឹកយកទៅសង្គ្រោះ ដោយគ្មានសង្ឃឹមថា អាចរស់រានមានជីវិតឡើយ ព្រោះរបួសធ្ងន់ធ្ងរខ្លាំងពេក៕ ហេង នាង