កូរ៉េខាងជើង​ទំនងជា​នឹង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ច្រើន​គ្រាប់​

លោក​លី ម្យ៉ុងបាក់​ ប្រធានាធិបតី​ផុតអាណត្តិ​របស់​កូរ៉េ​ខាងត្បូង បាន​លើកឡើង នៅថ្ងៃ​អង្គារ​នេះ​ថា កូរ៉េ​ខាង​ជើង​ទំនង​ជា​នឹង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​ច្រើន​ កន្លែង ក្នុង​ពេល​តែមួយ ហើយ​ថា ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​អាច​នឹង​ត្រូវ​ធ្វើ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ។ ក្នុង​ពេល​ជាមួយ​គ្នា ក្រុម ប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​ធ្ងន់តប​នឹង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​កាសែត​កូរ៉េ​ខាង​ត្បូង ដែល​ចេញផ្សាយ នៅ ថ្ងៃ​អង្គារ​នេះ លោក​លី ម្យ៉ុងបាក់ បាន​ទទួលស្គាល់ថា ការដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរកូរ៉េ​ខាង​ជើង គឺ​ជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ប្រឈម។ លោក​លី ម្យ៉ុងបាក់ ក៏​បាន​អះអាង​ផងដែរ​ថា នៅ​ក្នុង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើកនេះ រដ្ឋាភិបា​ល​ក្រុង​ព្យុងយ៉ាង​ទំនង​ជា​នឹង​ធ្វើការ​សាក ល្បងអាវុធ​ច្រើន​ គ្រាប់ ហើយ​ធ្វើ​នៅ​ពីរ ឬ​ច្រើន​កន្លែង​ផ្សេងគ្នា នៅ​ក្នុង​ពេល​តែ មួយ។

នៅ​ពេលនេះ ក្រុមអ្នកជំនាញ​ខាង​អាវុធ​នុយក្លេអ៊ែរ​នៅ​ជុំវិញ​ពិភពលោក​កំពុង​តែនាំគ្នា​ ត្រៀម រង់ចាំ​ឃ្លាំមើល​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ ដើម្បី​ធ្វើការ​សិក្សា​អំពី​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ចំណុច​សំខាន់ ដែល​គេ​ទន្ទឹង​ចាំមើល​នោះ គឺ​ចាំមើល​ថា តើ​កូរ៉េ​ខាងជើង​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​មាន​ទំហំ​តូច និង​ស្រាល​ល្មម​អាច​បំពាក់​លើ​ក្បាល​គ្រាប់មីស៊ីល​បាន​ដែរ​ឬ​ក៏​យ៉ាងណា?

គួរបញ្ជាក់ថា នៅ​ក្នុង​ការ​សាកល្បង​ពីរលើក​កន្លងទៅ កូរ៉េ​ខាងជើង​គ្រាន់តែ​ធ្វើ​ការ​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្រោម​ដី ប៉ុន្តែ អាវុធ​នុយក្លេអ៊ែរ​នោះ​មាន​ទំហំ​ធំ និង​ធ្ងន់ មិនទាន់​អាច​ប្រើ​ជា​ក្បាល​គ្រាប់ ដើម្បី​បាញ់​នៅលើ​មីស៊ីល​បាន​នៅឡើយ ទេ។ ប្រសិនបើ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់ ដើម្បី​ផលិត​ជា​ក្បាលគ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​បាន​មែន​នោះ វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​នឹង​ឈាន​ដល់​របត់​ថ្មី​មួយ​ទៀត ដែល​ពិបាក​នឹង​ដោះស្រាយបំផុត។

នៅ​ទីក្រុងញូវយ៉ក​ឯណោះវិញ ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង ដែល​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. សម្រាប់​ខែ​កុម្ភៈ​នេះ បាន​ឲ្យដឹង​ថា សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង ១៥ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ថា នឹង​ចាត់វិធានការ​ធ្ងន់ៗ​បំផុត ដើម្បី​តប​ទៅនឹង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ក៏បាន​អះអាង​ផងដែរ​ថា ការ​សាកល្បង​អាវុធ​នុយក្លេ អ៊ែរ​របស់​កូរ៉េ​ខាងជើង​អាច​នឹង​ត្រូវធ្វើ​ឡើង នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ ក្រុម​អ្នក​ជំនាញ​ខាង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​វិញ​បាន​នាំគ្នា​ ធ្វើការ​ព្យាករ​ថា កូរ៉េ​ខាងជើង​នឹង​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ នៅ​មុន​ចូលឆ្នាំ​ចិន ថ្ងៃទី១០ កុម្ភៈ ឬ​បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ធ្វើ​នៅ​​ថ្ងៃទី១៦ កុម្ភៈ ដែល​ចំ​ថ្ងៃ​បុណ្យ​កំណើត​របស់​លោក​គីម ជុងអ៊ុន៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close