ទិន្នផលស្រូវក្នុងឆ្នាំថ្មីមានការកើនឡើងជាបន្តបន្ទាប់
ភ្នំពេញ៖ នៅថ្ងៃពុធទី១៦ មករា ២០១៣នេះ ក្រុមមន្រ្តីកសិកម្មកម្ពុជា បានសម្តែងមោទនភាពរបស់ខ្លួនចំពោះទិន្នផលស្រូវដែលចេះតែកើនឡើងជា បន្តបន្ទាប់ ស្របតាមគោលដៅរបស់រដ្ឋាភិបាលដែលចង់នាំអង្ករចេញឱ្យបាន១លានតោន នៅឆ្នាំ២០១៥។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារបង្ក បង្កើនផលឆ្នាំ២០១២ វាយតម្លៃតុល្យភាពស្បៀងជំហានដំបូងសម្រាប់ឆ្នាំ២០១៣ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ច័ន្ទ សារុន បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០១២ ការបង្កបង្កើនផលស្រូវទទួលបានលទ្ធផលខ្ពស់ជាងឆ្នាំ២០១១ ហើយក្រសួងកសិកម្មរំពឹងថា ទិន្នផលស្រូវក្នុងរដូវវស្សា និងរដូវប្រាំងក្នុងឆ្នាំ២០១៣ នឹងទទួលបានទិន្នផលកាន់តែច្រើនឡើងថែមទៀត។
លោករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១២ ការបង្កបង្កើនផលស្រូវស្រាលបានចំនួនជាង ៦៧ម៉ឺន ៩ពាន់ហិកតា លើសឆ្នាំ២០១១ ចំនួន ៥៧ពាន់ហិកតារ ក្នុងនោះស្រូវបង្កើនរដូវបានចំនួនជាង ២៤ម៉ឺន ៨ពាន់ហិកតារ លើសឆ្នាំមុនចំនួន ៦៧ពាន់ហិកតារ។
បើតាមលោករដ្ឋមន្រ្តី កម្រិតទិន្នផលប៉ាន់ស្មានជាមធ្យមឆ្នាំថ្មីនេះនឹងបាន ៤,៤១៨តោនក្នុងមួយហិកតារបើធៀបនឹងទិន្នផលឆ្នាំមុនដែលបានតែ ៤,៤០៦ក្នុងមួយហិកតារនោះ៕