អ្នករត់ម៉ូតូឌុបតវ៉ានៅមុខមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ មករា ២០១៣ អ្នករត់ម៉ូតូឌុប នៅកម្ពុជាជាង១០០នាក់ បានលើកគ្នាមក តវ៉ានៅមុខ CCHR ដើម្បីទាមទារឲ្យ លោក អ៊ូ វីរៈ កែតម្រូវសំដីរបស់ខ្លួន ដែលបាននិយាយ នៅលើសារព័ត៌មាន នានាចំពោះ ករណីរបស់ យ៉ោម បុប្ផា ថានេះ ជារឿងជម្លោះដីធ្លី។
លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ក្នុងគ្រាដឹកនាំ សមាជិកមកតវ៉ានៅមុខ CCHR គឺចង់ឲ្យ លោក អ៊ូ វីរៈ កែតម្រូវនូវពាក្យសំដីដែលបាននិយាយនៅលើសារព័ត៌មាននានា ជាពិសេសឆ្លើយតបមក ខាង សមាគម បន្ទាប់ពីខាងសមាគម បានដាក់លិខិត កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដើម្បីឲ្យលោកឆ្លើយ បំភ្លឺនៅ ក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ថា ”វាហាក់បីដូចជាត្រូវបានរៀបចំប្រឌិតឡើង ហើយការម្រេចនេះមិនពឹងផ្អែកទៅលើការពិត និងច្បាប់នោះទេ”។
លោក ឯ សុភាស់ បន្តថា បន្ទាប់មកទៀត នៅយប់ថ្ងៃទី៣១ ដដែលនោះ លោក អ៊ូ វីរៈ បាននិយាយ នៅក្នុងវិទ្យុសំឡេងសហរដ្ឋអាមេរិច(VOA) នៅយប់ថ្ងៃទី៣១ ខែឆ្នាំដដែល ថា “រឿងនេះជារឿងប្រឌិត”។ បើអាចធ្វើទៅបានសូមឲ្យលោកអ៊ូ វីរៈ គួរតែនិយាយក្នុងវេទិការណាមួយឲ្យឯករាជ្យ ឲ្យពួកខ្ញុំមាន សិទ្ឋិសួរដេញដោលគាត់ ឲ្យបានច្បាស់”។
លោកមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល១១ថ្ងៃកន្លងមកដែលលោកអ៊ូ វីរៈ មិនបានឆ្លើយតបមក វិញនេះ ប្រហែលជាលោក មិនផ្តល់តំលៃមកឲ្យខាងសមាគមរត់ម៉ូតូឌុបទេ។
លោក ឌុច ពិសិដ្ឋ មន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជាអ្នកតំណាង លោក អូ វីរៈ បានបដិសេធមិនធ្វើការ អធិប្បាយអំពីរឿងនេះទេ ហើយអង្គការរបស់ លោក នឹងធ្វើការឆ្លើយតបនៅពេលក្រោយទៀត៕