បើក​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ព្យាយាម​រត់​គេច​ត្រូវ​សមត្ថ​កិច្ច​ឃាត់​រថយន្ត​ជាប់​​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ បុរសម្នាក់បានបើករថយន្តបុករបាំងដែកចែកទ្រូងផ្លូវ នៅខាងជើងស្តុប ទួលគោក តាមបណ្តោយផ្លូវ គឹមសុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយព្យាយាមបើករត់គេចខ្លួនតាមបណ្តោយផ្លូវម៉ៅសេទុង រហូតមកដល់ចំណុចមុខផ្សារដើមគរ ក៏ត្រូវសមត្ថកិច្ចឃាត់បាន។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាក តាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2K-2709 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ គឹមសុង ពីជើងមកត្បូង លុះមកដល់ត្រង់ចំណុចរបាំងដែកចែកទ្រូងផ្លូវ ខាងជើងស្តុបទួលគោក ក៏រេចង្កូតបុករះ របាំងដែកពេញទំហឹង បន្ទាប់មកដោយរថយន្តនៅអាចបន្តដំណើរបាន គឺអ្នកបើកបរ ព្យាយាមបើករថយន្តរត់គេចខ្លួនតាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង រហូតទៅដល់មុខផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក៏ត្រូវសមត្ថកិច្ចដែលដើរល្បាតឃើញរថយន្តបើកទាំងធ្លាក់កាង មានការសង្ស័យក៏ឃាត់សួរនាំ ទើបដឹងថារថយន្តនេះ បុករបាំងដែកចែកទ្រូងផ្លូវ។

បន្ទាប់ពីដឹងថា រថយន្ត តាកូម៉ា ជារថយន្តបង្កហេតុ បើកបុករបាំងដែកនោះ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមគរ បានសហការជាមួយប៉ូលិសជំនាញចុះមកវាស់វែង កន្លែងខូចខាតរបាំងដែក និងបានស្ទូចយករថយន្តទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close