ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤
Cambodia News/
ស្រុកគាស់ក្រឡ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ មេធាវីសិទ្ធិមនុស្ស និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ ស្ថិតនៅវត្តព្រះផុស ក្នុងភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមទេសរដ្ឋមន្រ្តី បាននាំយក គ្រឿងឧបភោគបរិភោគ ទេយ្យទាន សម្រាប់ប្រគេនព្រះសង្ឃចំនួន២វត្ត(គឺវត្តព្រះផុស និងវត្តភ្នំស្នរ) និងបានជូនថវិកាដល់យាយជី តាជី និងពុទ្ធបរិស័ទចំនួនប្រមាណ១៧៨នាក់ ។
គួររំលឹកផងដែរថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ នៅជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុក ម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕