​ចោរ​លួច​ម៉ូតូ​ម្ចាស់​ទាន់់​ចាប់​បាន​ម្នាក់​រត់​រួច​ម្នាក់

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី០៥ ខែធ្នូ វេលាម៉ោង ១៣:៣០នាទី យុវជនម្នាក់ក្នុងចំណោមបក្ខពួក ២ នាក់ ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ខណៈពេលដែលយុវជនម្នាក់នេះ និងបក្ខពួក ធ្វើសកម្មភាពលួចយកម៉ូតូម៉ាកឆាលី ១គ្រឿង ហើយត្រូវម្ចាស់គេឃើញទាន់ស្រែកចោរៗ ទើបត្រូវប៉ូលិសស្ទាក់ចាប់បានម្នាក់ និងរត់រួចម្នាក់នៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ២១៨ ក្រុម១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនសង្ស័យម្នាក់នេះ ត្រូវបានសមត្ថកិច្ចប៉ូលិសប្រាប់អោយស្គាល់ឈ្មោះ អ៊ុំ ម៉ៅ ហៅអាខ្មៅ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦E1 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ជនសង្ស័យម្នាក់នេះ និងបក្ខពួក បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកឆាលី ពណ៌ឈាមជ្រូក ស៊េរី៩៤ ពាក់ស្លាកលេខ ភ្នំពេញ1I 6094 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ តាន់ បូរ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅផ្ទះលេខ៣AE1 ផ្លូវលេខ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

មន្ត្រីប៉ូលិសខណ្ឌទួលគោក បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឆាលី ១ គ្រឿង ទៅលេងផ្ទះមិត្តភ័ក្តិនៅចំណុចកើតហេតុខាងលើ ដោយបានចតម៉ូតូនេះ នៅមុខផ្ទះលេខ៥៣ នោះ រួចក៏បានដើរចូលទៅក្នុងផ្ទះមិត្តភ័ក្តិ។

ក្នុងខណៈនោះ ក៏ស្រាប់តែមានជនសង្ស័យ ២ នាក់ បានដើរមកក្បែរមូ៉តូនោះ ហើយធ្វើសកម្មភាពកាច់កម៉ូតូជនរងគ្រោះតែម្តង។ តែក្នុងសកម្មភាពនោះ ត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋឃើញហើយស្រែកថា ចោរៗ ទើបប៉ូលិសល្បាតក្បែរនោះ ចេញជួយអន្តរាគមន៍ចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់។

ជនសង្ស័យម្នាក់នេះ រួមនិងវត្ថុតាង ត្រូវបានប៉ូលិសបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ហើយម៉ូតូឆាលីនោះ ប៉ូលិសក៏បានប្រគល់ជូនម្ចាស់ដើមវិញដែរ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close