ថ្ងៃប្រឡងបាក់ឌុប ២ថ្ងៃកន្លងទៅនេះ មានបេក្ខជនជាង ២ពាន់នាក់អវត្តមាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅថ្ងៃប្រឡងបាក់ឌុប ២ថ្ងៃកន្លងទៅនេះ មានបេក្ខជនប្រឡងអវត្តមានសរុបចំនួន ២ ៣២៨នាក់ ស្រី ៩៣៤នាក់ ស្មើនឹង ១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១ ៨១៤នាក់ ស្រី ៧៤៩នាក់) ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់។​

បើតាមក្រសួងអប់រំ បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពនិងមិនអាចបន្តការប្រឡងបានចំនួន ៥ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំង អស់បានបន្តការប្រឡងជាធម្មតាបន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្តទុក ដាក់មើលថែពីក្រុមគ្រូពេទ្យនៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបាន អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

គណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩ ៥២៥នាក់ ក្នុងនោះទីស្តីការក្រសួង ៤ ១២៦នាក់ និងរាជធានី ខេត្ត ២៥ ៣៥៥នាក់។ ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកសង្កេតការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសរុប ៣ ០៤០នាក់។

ទោះបីជានៅតាមបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

បេក្ខជនបានគោរពបទបញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន ១ករណីគត់។

ក្រសួងអប់រំបញ្ជាក់ថា ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាម គោលការណ៍ “អ្នកចេះគឺជាប់”។

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

Related Articles

Back to top button
Close
Close