រដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន​លើក​ឡើង​ថា ​នៅ​ក្នុង​ពិភព​​សារព័ត៌​មាន ​មិន​ដូច​​ក្នុង​ឆាក​ល្ខោន ​និង​រឿងចិ​ន​​កាប់​ដាវ​ទេ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ មករា ២០១៧) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើង នៅលើបណ្តាញសង្គម Facebook របស់លោក នៅព្រឹកថ្ងៃទី២៥ ខែមករា​ នេះ​ថា នៅលើពិភពសារព័ត៌មានមិនដូចឆាកល្ខោន និងរឿងចិនកាប់ដាវនោះទេ។  ​

លោកបានបន្ថែមថា «ពិភពលោកមិនមែនមានតែ‹‹ស›› ហើយនឹង ‹‹ខ្មៅ››នោះទេ តែមានប្រផេះច្រើន។ ហើយមិនអាចសន្សំពិន្ទុទុកកាត់ទឹកក៏អត់ដែរ។ ហេតុ​នេះ​ត្រូវ​ចាំថាទូទាត់ មិនដូច ទាត់ទូទេ ហើយ ទៀងទាត់ខុសពីទាត់ទៀង ពិសេសបើមេអង្គភាពប្រឆាំងពុករលួយជាមុខសញ្ញានៃ ការទាត់នោះទៀតគឺធ្ងន់​ណាស់»។

ការលើកឡើងនេះ បានធ្វើឡើង១ថ្ងៃ បន្ទាប់ពីលោករដ្ឋមន្រ្តីបានស្នើឱ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បញ្ចប់ការផ្សាយកម្មវិធី ABC 3 Spring ដោយ​សារ​តែ​កម្ម​វិធី​នេះ​បានប្រើប្រាស់កាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយដល់អ្នកស្តាប់។

ក្រោយពីមានសំណើនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានសម្រេចបញ្ចប់កិច្ចសហការជាមួយវិទ្យុ ABC ហើយបញ្ឈប់ឱ្យមានការផ្សាយកម្មវិធី ABC 3 Spring នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះតទៅ។

គួរ​បញ្ជាក់​ថា មូលហេតុដែលឈានដល់ការបញ្ឈប់កម្មវិធីខាងលើនេះ បានកើតឡើងបន្ទាប់ពី ពិធីការិនីរបស់ កម្មវិធី ABC 3 Spring ម្នាក់ ឈ្មោះកញ្ញា CK បានផ្លោះតុវេទិកា ទៅដណ្តើមដៃគូរបស់ខ្លួននិយាយបណ្តាលឱ្យសាធារណជនជាច្រើន ធ្វើការរិះគន់ខ្លាំងថា ខ្វះសីលធម៌៕

1

 

Related Articles

Back to top button
Close
Close