ក្រុមស្ត្រីអ្នកបឹងកក់រួមទាំង​​​កុមារផ្តើមធ្វើការតវ៉ាជាថ្មី​​នៅមុខសាលារាជ​​​ធានីភ្នំពេញ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅថ្ងៃទី២៧ សីហា ២០១២ ព្រឹកនេះក្រុមស្ត្រីអ្នកភូមិបឹងកក់ ដែលក្នុងនោះមានទាំងកុមារផងបាន ផ្តើមធ្វើការតវ៉ាជាថ្មី ដើម្បីជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ ចុះវាស់វែង កំណត់ព្រំដី ទំហំ ១២,៤៤ ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន សម្រេចកាត់ឲ្យប្រជាពលរដ្ឋ សម្រាប់ដំណើរការអភិវឌ្ឍន៍តំបន់បឹងកក់។

នៅចុងឆ្នាំ២០១១ លោកហ៊ុនសែន បានសម្រេចកាត់ដីទំហំ ១២,៤៤ ហិកតា ចេញពីផ្ទៃដីបឹងកក់ជាង ១៣០ ហិកតា សម្រាប់ឲ្យ ពលរដ្ឋតវ៉ា រស់នៅផ្ទះរបស់ខ្លួនដដែល។ តែជម្លោះតវ៉ា នៅតែកើតមាន មិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេមកដល់ ពេលនេះ។

បន្ទាប់ពីស្រែកតវ៉ានៅមុខសាលារាជធានីភ្នំពេញអស់ចិត្តហើយនាព្រឹកថ្ងៃទី២៧ សីហា ២០១២ ក្រុមស្ត្រីបឹងកក់ ក៏បានដឹកនាំ កុមារតូចៗ ទៅស្រែកយំ និងលុតជង្គង់អង្វរសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុខវិមានសន្តិភាព នៃទីស្តីការ គណៈរដ្ឋមន្ត្រី ។

គួររំលឹកថា កាលពីឆ្នាំ២០០៦ អភិបាលសាលារាជធានីភ្នំពេញបានចុះហត្ថលេខាប្រគល់ដីបឹងកក់ ទំហំជាង ១៣០ ហិកតាឲ្យទៅ ក្រុមហ៊ុនស៊ូកាគូអ៊ិន ដើម្បីអភិវឌ្ឍន៍ជាទីក្រុងរណប។ ប៉ុន្តែមកដល់ពេលនេះមានពលរដ្ឋជាង ៧០០គ្រួសារមិនព្រមរុះរើលំនៅ និងទទួលយកសំណង ដើម្បីចាកចេញទេ។ ដោយពលរដ្ឋទាំងនោះបានតស៊ូតវ៉ារហូតដល់លោកហ៊ុន សែន សម្រេចកាត់ដី ១២,៤៤ ហិកតា សម្រាប់អភិវឌ្ឍន៍នៅនឹងកន្លែង៕

Related Articles

Back to top button
Close
Close