អ្នកកាសែត CNN ពីរនាក់ត្រូវបណ្តេញចេញពីប្រទេសថៃក្រោយបំពានចូលក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដែលរងការវាយប្រហារ
សារព័ត៌មាន Cambodia News/
បាងកក ៖ យោងតាមការដកស្រង់ផ្សាយចេញពីកាសែត Bangkok Post នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ពីររូប ត្រូវបានការិយាល័យអន្តោប្រវេសន៍ថៃសម្រេចដកទិដ្ឋាការបន្ទាប់ ពីពួកគេបានបំពានបម្រាមចូលទៅក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដែលរងនូវការបាញ់ប្រហារដ៏ធំមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
អ្នកកាសែត CNN ២ រូប គឺនាង Anna Marguerite Coren អាយុ៤៧ឆ្នាំ មានសញ្ជាតិអូស្ត្រាលី និងលោក Daniel John Hodge អាយុ៣៤ឆ្នាំ សញ្ជាតិអង់គ្លេស និង ជាអ្នកកាន់កាមេរ៉ាឲ្យចេញពីប្រទេសថៃ ដោយអ្នកទាំងពីរនេះបានបំពានកន្លែងហាមឃាត់ចូលទៅថតកន្លែងការបាញ់ និង កាប់សម្លាប់រង្គាលកាលពីថ្ងៃសៅរ៍ ទី៨ ខែតុលា ២០២២ គឺ ២ថ្ងៃក្រោយដែលអតីតតម្រួតម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី និង កាំបិតបុ័ងតោ បានចូលទៅបាញ់ និង កាប់កុមារៗនៅក្នុងមណ្ឌលថែទាំកុមារក្នុងស្រុក Na Klang ខេត្ត Nong Bua Lam Phu មក ។
ស្នងការរងនៃការរិយាល័យអន្តោប្រវេសន៍ថៃ លោក Achayon Kraithong បានឲ្យដឹងថា ទិដ្ឋាការរបស់អ្នកកាសែតទាំងពីររូបនេះផុតសុពលភាព ដូច្នេះពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើការក្នុងប្រទេសថៃទៀតឡើយ។ ចំណែក CNN កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានឲ្យដឹងថា ខ្លួនបានដកសេចក្តីរាយការណ៍ចេញពីគេហទំព័រ ប៉ុន្តែបានទទួលស្គាល់ថា អ្នកកាសែតរបស់ខ្លួន បានប្រព្រឹត្តខុស៕