លោក​ប្រធានាធិបតី​បារំាង​សន្យា​បង្កើត​ការងារ និង​កាត់បន្ថយ​អ្នកអត់ការងារធ្វើ

ក៏​ដូច​ជា​រៀងរាល់​ដំណាច់​ឆ្នំា លោក​ប្រធានាធិបតី​បារំាង​តែងតែ​ធ្វើ​ការ​ជូនពរ​ឆ្នំា​ថ្មី​ដល់​ប្រជាពលរដ្ឋ​ បារំាង​តាម​វិទ្យុ ទូរទស្សន៍។ នៅ​យប់​មិញ លោក François Hollande បាន​ថ្លែង​សារ​ជូនពរ​ឆ្នំា​ថ្មី​ជា​លើក​ទីមួយ​ក្នុង​នាម​ជា​ប្រធានាធិបតី​ បារំាង។ នៅ​ក្នុង​សារជូនពរ​រយៈពេល​ខ្លី​នោះ លោក François Hollande បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បារំាង​កុំ​ឲ្យ​អស់​សង្ឃឹម និង​សន្យា​បង្កើត​ការងារ ព្រម​ទំាង​ធ្វើ​ការ​កាត់​បន្ថយ​អ្នកការងារ​ធ្វើ។

ទោះ​បី​ជា​ប្រទេស​កំពុង​ជួប​វិបត្តិ​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី​បារំាង​បាន​ព្យាយាម​និយាយ​បំភ្លឺ​ប្រជាពលរដ្ឋ​របស់​ ខ្លួន​កុំ​ឲ្យ​អស់សង្ឃឹម និង​ត្រូវ​តែ​មាន​ជំនឿទុកចិត្ត​ក្នុង​ឆ្នំា ២០១៣។ ជា​ការ​ពិត ប្រមុខរដ្ឋ​បារំាង​បាន​ទទួល​ស្គាល់​ពី​ក្តី​កង្វល់​របស់​ពលរដ្ឋ​បារំាង​គ្រប់​រូបដោយ​បញ្ជាក់​ថា អ្វី​ដែល​ពលរដ្ឋ​បារំាង​ កំពុង​បារម្ភ​នោះ គឺ​ជា​រឿង​មួយ​ត្រឹមត្រូវ។ ក៏​ប៉ុន្តែ លោក François Hollande បាន​ប្រកាស​ធានា ដោយ​បញ្ជាក់​ឡើង​វិញ​ថា គ្រប់​សេចក្តីសម្រេចចិត្ត​ដែល​លោក និង​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​កន្លង​មក គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ចម្រើន​ទៅ​មុខ ហើយ​ថា នេះ​ជា​កាតព្វកិច្ច​របស់​លោក ក្នុង​នាម​ជា​ប្រធានាធិបតី។

លោក​ប្រមុខរដ្ឋ​បារំាង​បាន​អះអាង​ជា​ថ្មី​អំពី​កម្មវត្ថុ​ជា​អាទិភាព​របស់​ លោក នោះ​គឺ​ការ​កាត់បន្ថយ​ចំនួន​អ្នកអត់ការងារ​ធ្វើ ចាប់​ពី​ពេល​នេះ ដល់​ដំណាច់​ឆ្នំា ២០១៣។ ទន្ទឹម​គ្នា​នេះ លោក Hollande បាន​បញ្ជាក់​ថា ដើម្បី​អាច​ងើប​ចេញ​ពី​វិបត្តិ​ឲ្យ​បាន​លឿនបារំាង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​ពី​ឥឡូវ​នេះ​ទៅ។យ៉ាង​ ណា​ក៏​ដោយ នៅ​ក្នុង​សារ​ជូនពរ​នោះ​ដដែល លោក Hollande ហាក់​ដូច​ជា​មិន​បាន​និយាយ​ច្រើន​ទេ អំពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​បាន​ច្រាន ចោល​មាត្រា​ ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក Hollande ចង់​យក​ពន្ធ​រហូត​ដល់​ទៅ ៧៥% លើ​ពលរដ្ឋ​បារាំង​ណា​ដែល​មាន​ប្រាក់​ចំណូល​លើស​ពី​១លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំ។
 
នៅ​ក្នុង​សារ​ជូនពរ​នោះ​ដដែល លោក Hollande បាន​ស្នើ​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​កំណត់​ពី​យុទ្ធសាស្រ្ត​សម្រាប់​ការ​ធ្វើ ​វិនិយោគ​លើ​វិស័យ​សាធារណៈ និង​ឯកជន។ កម្មវត្ថុ​របស់​លោក Hollande គឺ​ធ្វើ​ឲ្យ​ទំនើប​ប្រទេស​បារំាង​នៅ​ក្នុង​រង្វង់​ឆ្នំា ២០២០។ យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខរដ្ឋ​បារំាង​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​ខ្លួន​សម្រាប់​ ឆ្នំា ២០១៣។ ឆ្នំា ២០១៣​ដែល​ពលរដ្ឋ​បារំាង​ចង់​ឃើញ​លទ្ធផល​ជាក់ស្តែង​ពី​សកម្មភាព​ពិត​របស់​លោក François Hollande៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close